(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ, លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុកស្វាយចេក នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៤៩៥គ្រួសារ។
ការនាំអំណោយនេះ ក៏បានធ្វើឡើងក្រោមការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
អំណោយទាំងនោះរួមមាន៖ អង្ករ ៩,៩០០គីឡូក្រាម, ទឹកសុីអុីវ ៤៩៥យួរ, ត្រីខ ៤៩៥យួរ, មី ៤៩៥កេសតូច, ទឹកត្រី ៤៩៥យួរ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ០២ ភូមិ (ភូមិបែកចានចំនួន ២១៥គ្រួសារ និងភូមិ ខ្វាវកើតចំនួន ២៨០គ្រួសារ) ដែលត្រូវបានបិទខ្ទប់ដោយសារការីករាតត្បាតជំងឺកូវីដ១៩ សរុបចំនួន ៤៩៥គ្រួសារ ក្នុងឃុំរលួស ស្រុកស្វាយចេក។
ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ ៣កុំ» និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩។
ប្រជាពលរដ្ឋចំនួន៤៩៥គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម, ទឹកសុីអុីវ ០១យួរ, ត្រីខ ០១យួរ, មី ០១កេស និងទឹកត្រី ០១យួរ៕