(បន្ទាយមានជ័យ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ស្អែកនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងប្រកាសឱ្យកាន់តំណែងជាផ្លូវការអភិបាលរងខេត្តចំនួន៥រូបបន្ថែមទៀត ដែលត្រូវរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំង។ ក្នុងឱកាសនោះនឹងប្រកាសចូលកាន់តំណែងនាយក នាយករង រដ្ឋបាលខេត្ត និងត្រៀមប្រកាសឱ្យចូលកាន់តំណែងអភិបាលស្រុក១រូប និងអភិបាលក្រុង១មួយរូបផងដែរ។

អភិបាលរងខេត្តទាំង៥ រូបនោះរួមមាន៖

ទី១៖ លោក ប្រាក់ ប៉ូលី ពី មន្ត្រី ក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មកជាអភិបាលរងខេត្ត
ទី២៖ លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើងជាអភិបាលរងខេត្ត
ទី៣៖ លោក ហ៉ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោភ័ណ ឡើងជាអភិបាលរងខេត្ត
ទី៤៖ លោក យឹម សំណាង ពីអភិបាលស្រុកអូរជ្រៅ ឡើងជាអភិបាលរងខេត្ត
និងទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃលិន មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ចន្ថា អភិបាលរងខេត្ត ដែលឡើងទៅជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

បើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថាពិធីប្រកាសឱ្យកាន់តំណែងអភិបាលរងខេត្តទាំង ៥រូប នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ចំណែកលោក ណង វុទ្ធី ពីនាយករងរដ្ឋបាលខេត្ត ឡើងជានាយករដ្ឋបាលសាលាខេត្ត និងបន្ថែមនាយករងចំនួន២រូបទៀត គឺលោក ស៊ុន ថានី និងលោកស្រី សេង ចាន់ណារី៕