(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់បន្តកសាងសមិទ្ធផល និងព្យាយាមសិក្សាស្វែងយល់បញ្ហាប្រឈមបន្ថែមទៀតដើម្បីពិនិត្យលទ្ធភាពចូលរួមដោះស្រាយបញ្ហាមួយចំនួនដែល ស.ស.យ.ក. អាចធ្វើបានជូនចំពោះប្រជាពលរដ្ឋ។

ការអំពាវនាវបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលរួមដំណើដោយលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងសហការី។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សកម្មភាពរបស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យរួចមក, លោក ហ៊ុន ម៉ានី បានមានប្រសាសន៍រំលឹកពីប្រវត្តិនៃការដឹកនាំរបស់ ស.ស.យ.ក. ដែលទាមទារឱ្យមានការចូលរួមពីយុវជនដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេស ហើយលោកបានបន្តថា បច្ចុប្បន្ន ស.ស.យ.ក. នៅតែបន្តចូលរួមគាំទ្រ ការងារសង្គមមិនថាក្នុងកាលៈទេសៈណាក៏ដោយ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ជាក់ស្ដែងរយៈពេល២ ឆ្នាំកន្លងមកនៃការរីករាលដាលជំងឺកូវីដ១៩ សមាជិក សមាជិកា ស.ស.យ.ក. បានលះបង់កម្លាំងកាយចិត្ត និងតស៊ូ និងប្រឈមនឹងហានីភ័យជាមួយប្រជាពលរដ្ឋក្នុងការសម្របសម្រួលការងារចាក់វ៉ាក់សាំង ក៏ដូចជាសម្របសម្រួលតាមមណ្ឌលចត្តាឡីស័ក ជាពិសេសការចូលរួមសម្របសម្រួលក្នុងគ្រោះមហត្តរាយនានាដូចជា ខ្យល់កន្ទ្រាក់ ទឹកជំនន់ផងដែរ។

សកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមយ៉ាងស្វាហាប់របស់សមាជិក សមាជិកាស.ស.យ.ក. គ្រប់ជាន់ថ្នាក់ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយរដ្ឋាភិបាលជានិច្ច៕