(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ. បានលើកឡើងនូវចំណេះដឹងបន្ថែមដល់យុវជនដើម្បីទទួលបានជោគជ័យដោយលោកដល់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ ថា «ប្អូនៗទាំងអស់ត្រូវតែបន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្ដីស្រម៉ៃរបស់ខ្លួន ព្រោះថាភាពជោគជ័យរបស់ប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិ»

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសលោកបានបើកវេទិការដល់សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យ សួរសំនួរមកកាន់លោកដោយផ្ទាល់ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រិះដ្ឋានឧត្តមសិក្សានៃស.ស.យ.ក. លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

ទន្ទឹមនឹងការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិមានជ័យ លោក ហ៊ុន ម៉ានី បានបើកជាឱកាសដល់សមាជិក សមាជិកាប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានសួរសំនួរមកកាន់លោករហូតដល់ទៅ២១សំនួរ ហើយវេទិការនេះក៏បានផ្ដល់ជាឱកាសដល់សមាជិក សមាជិកាថ្មីបានចែករំលែកនូវបទពិសោធ និងសួរសំនួរបន្ថែមផងដែរ។

នាឱកាសដ៏ថ្លៃថ្លានេះ លោក ហ៊ុន ម៉ានី បានធ្វើការកោតស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានដោយកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ដែលសម្រេចបាននូវជាបន្តបន្ទាប់ និងឆាប់រហ័ស យោងតាមការបញ្ជាក់ក្នុងរបាយការណ៍ ក៏ដូចជាការលើកឡើងរបស់ លោក ហ៉ឹល សុធា ប្រធានក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ៕