(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបន្ទប់សម្រាកព្យាបាលមណ្ឌលសុខភាពថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាអំណោយរបស់មូលនិធិសប្បុរសធម៌ស្រុកវាលវែង ឆ្នាំ២០២២ ដែលជាការផ្ដួចផ្ដើមឡើងដោយលោក ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង។
លោក សូ សាហុង អភិបាលស្រុកវាលវែង បានលើកឡើងថា ក្រោមការផ្ដួចផ្ដើមពី លោក ទី ថានី និងមានការឯកភាពពីអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ ទទួលបន្ទុកស្រុកវាលវែង បានរៀបចំបង្កើតនូវមូលនិធិមួយ ដែលមានឈ្មោះថា មូលនិធិសប្បុរសធម៌ស្រុកវាលវែង ឆ្នាំ២០២២ ដើម្បីប្រមូលថវិកាយកមកកសាងសមិទ្ធផលក្នុងស្រុកវាលវែង។ កន្លងមកយើងបានកសាងអគារបន្ទប់ថែទាំក្រោយសម្រាលកូន ចំនួនពីរបន្ទប់ នៅមណ្ឌលសុខភាពប្រម៉ោយ អគារសិក្សា ហើយឥឡូវនេះយើងបានកសាងអគារបន្ទប់សង្គ្រោះបឋមមួយទៀត នៅមណ្ឌលសុខភាពថ្មដា ដោយចំណាយអស់ថវិកា៥០.៤១០ដុល្លារ ដែលដឹកនាំកសាងដោយលោកឧត្តមសេនីយ៍ត្រី គួយ សារឿន ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំថ្មដា។
នាឱកាសនោះដែរ លោក ស៊ុយ សែម បានកោតសរសើរដល់គំនិតផ្ដួចផ្ដើម និងការខិតខំកសាង របស់ក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង ដែលមានលោកឧកញ៉ា ទ្រី ភាព និងលោក ទី ថានី ជាជំហរក្នុងការគៀងគររកសប្បុរសជន ដើម្បីប្រមូលថវិកាយកមកកសាងសមិទ្ធផលនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងស្រុកវាលវែងយើងនេះ។ មូលនិធិសប្បុរសធម៌នេះ ពិតជាមានប្រយោជន៍ណាស់ឱ្យតែការគ្រប់គ្រងមានតម្លាភាព ហើយឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារស្រុកដទៃទៀត បង្កើតមូលនិធិដូចគ្នានេះដែរ ដើម្បីកសាងសមិទ្ធផលសមូហភាព ពិសេសប្រជាពលរដ្ឋនៅចុងកាត់មាត់ញក។
លោក ស៊ុយ សែម បានបន្តថា មណ្ឌលសុខភាពថ្មដាស្ថិតនៅឆ្ងាយពីទីរួមស្រុក និងទីរួមខេត្ត ទោះបីមានផ្លូវកៅស៊ូស្រួលធ្វើដំណើរហើយក៏ដោយ ក៏ការធ្វើដំណើរមានការឡើងចុះភ្នំ បត់បែន ប្រើរយៈពេល ២ម៉ោងទៅ៣ម៉ោងទើបទៅដល់។ ដូច្នេះបើមណ្ឌលសុខភាពយើងមានបន្ទប់សង្គ្រោះបឋម និងមានអ្វីៗគ្រប់យ៉ាងហើយនោះ យើងមិនចាំបាច់ដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យខេត្តនោះទេ។
បន្ថែមពីនេះ លោកសូមឱ្យមានការសាងសង់អគារសង្គ្រោះបន្ទាន់ អគារសម្រាកព្យាបាល និងអគារផ្សេងៗទៀតនៅក្នុងមណ្ឌលសុខភាពថ្មដានេះ ដើម្បីបម្រើសេវាព្យាបាលអ្នកជំងឺឱ្យបានទាន់ពេលវេលា ហើយឯកឧត្តមក៏ចូលរួមក្នុងការកសាងនេះដែរ។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ ពិសេសការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឥតគិតថ្លៃ ដើម្បីការពារជំងឺកូវីដ១៩ ដែលនៅតែបន្តរាតត្បាតមកដល់សព្វថ្ងៃនេះ។
ក្នុងឱកាសនោះលោក ស៊ុយ សែម បានឧបត្ថម្ភថវិកា ចំនួន១០លានរៀល សម្រាប់តម្កល់ទុកប្រើប្រាស់ក្នុងមូលនិធិសប្បុរសធម៌ស្រុកវាលវែងបន្តទៀត, ឧបត្ថម្ភថវិកា ចំនួន៥លានរៀល ដល់មណ្ឌលសុខភាពថ្មដា និងបានចែកជូនមីមួយកេស សារុង១ ថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗ ដល់ប្រជាពលរដ្ឋចូលរួម ចំនួន៧០០នាក់ ផងដែរ។
បន្ទាប់ពីកាត់ខ្សែបូរសម្ពោធអគារបន្ទប់សម្រាកព្យាបាលរួចមកលោក ស៊ុយ សែម, លោក ទី ថានី លោក ចេង ឡៃ និងថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ បានចុះពិនិត្យមើលទីតាំងសាងសង់អគារបន្ថែម ហើយលោក ស៊ុយ សែម និងលោកឧកញ៉ា ទ្រី ភាព បានរួមគ្នាកសាងអគារមួយខ្នង ទុកសម្រាប់ប្រើប្រាស់នៅក្នុងមណ្ឌលសុខភាពថ្មដានោះ៕