(សៀមរាប)៖ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងជាស្ថាបនិក នៃមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលរួមបិទវគ្គសិស្ស សម្រាប់វគ្គ១ឆ្នាំ ជំនាន់ទី១៤ នៃសាលាយ៉ាម៉ាម៉ូតុ ដែលជាមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន នៅខេត្តសៀមរាប ដែលក្នុងរយៈពេល ២០ឆ្នាំមកនេះ មជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលសិស្សបានជាង៦០០នាក់ ហើយពួកគេមានការងារល្អៗ និងជីវភាពធូរធារស្ទើគ្រប់ៗគ្នា ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងអំពរគុណ ចំពោះ លោកឧកញ៉ា សៀង ណាំ និងលោក យ៉ាម៉ាម៉ូតុ ព្រមទាំងក្រុមគ្រួសារ ដែលបានបង្កើត និងឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ នេះឡើង ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងណាស់ ក្នុងការលើកស្ទួយនូវវិស័យទេសចរណ៍របស់កម្ពុជាយើង ហើយពិសេស ចំពោះ សិស្សដែលបានក្លាយជាមគ្គុទ្ទេសទេសចរ គឺមានទាំងគុណភាព គុណតម្លៃ និងវិជ្ជាជីវៈខ្ពស់ ផងដែរ ។
លោកឧកញ៉ាបានថ្លែងថា "មជ្ឈមណ្ឌលសិក្សានេះ ខ្ញុំបានផ្តួចផ្ដើមបង្កើតឡើង កាលពីឆ្នាំ១៩៩៦ ហើយកាលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញមកបើកសម្ភោធ និងកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។ គិតមកដល់ពេលនេះមានរយៈពេល ២០ឆ្នាំមកហើយ ៗក្នុង ២០ឆ្នាំនេះ សាលាបានបណ្តុះបណ្តាលសិស្សបានចំនួនប្រមាណជា ៦០០នាក់"។
លោកក៏បានថ្លែងអំណរគុណ ចំពោះ លោក យ៉ាម៉ាម៉ូតុ និងបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សាស្ត្រចារ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងឧបត្ថម្ភ គាំទ្រ និងផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្ស ប្រកបដោយគុណភាពខ្ពស់ និងបរិមាណ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ។
លោកបានបញ្ជាក់ថា រៀងរាល់ឆ្នាំ សិស្សដែលរៀនពូកែ សាលាយើង បានបញ្ជូនឲ្យទៅសិក្សាបន្ថែម នៅប្រទេសជប៉ុនក្នុងរយៈពេល ១ឆ្នាំ គឺក្នុងមួយឆ្នាំ៑ៗ បានចំនួន ៣នាក់ ចំពោះការស្នាក់នៅរៀនសូត្រ និងការធ្វើដំណើរទៅ/មកជប៉ុន ខាងសាលាជាអ្នកចេញថវិការឲ្យទាំងអស់ ។
សិស្សៗទាំងអស់ដែលបានមកចូលរៀននៅមជ្ឈមណ្ឌលសិក្សាភាសាជប៉ុន យ៉ាម៉ាម៉ូតុ នេះ រហូតមកដល់ពេលនេះពួកគេបានមានការងារធ្វើល្អៗ និងមានជីវភាពធូរធារស្ទើគ្រប់ៗគ្នា ផងដែរ ៕