(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់កម្ពុជា និងលោកអភិបាលស្រុកខាន់តាឡាក់ ខេត្តសុីសាកេត, អភិបាលស្រុកណាំយឺន ខេត្តឧប៊ុន របស់ប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការល្អនៅតាមបន្ទាត់ព្រំដែន ដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្មខ្នាតតូច ជូនប្រជាពលរដ្ឋនៃស្រុកទាំង៣ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២។

ការប្តេជ្ញាចិត្តរួមគ្នារបស់លោកអភិបាលស្រុកទាំង៣ នៃប្រទេសទាំង២ បានធ្វើឡើងនៅថ្ងៃ២៧ ខែសីហា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំចង្អៀតមួយ ក្រោយពីបានធ្វើបុណ្យរួមគ្នា ដង្ហែទៀនព្រះវស្សា នាំបច្ច័យកសាង និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់នៅវត្តអានសេះ និងវត្តឈើទាលគង ព្រមទាំងបានដាំកូនឈើ ព្រលែងកូនត្រីរួមគ្នាដោយភាពស្និទស្នាលផងដែរ។

ក្ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត លោក វុធ តារ៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពលរដ្ឋស្រុកណាំយុឺន ខេត្តឧប៊ុន និងពលរដ្ឋស្រុកខាន់តាឡាក់ ខេត្តសុីសាកេត របស់ប្រទេសថៃ ដែលបានចូលរួមយ៉ាងកុះករដង្ហែរទៀនព្រះវស្សា បុណ្យផ្កាប្រាក់សាមគ្គី មកប្រគេនព្រះសង្ឃនៅស្រុកជាំក្សាន្តនៅពេលនេះ។

បន្ថែមពីនេះ លោកអភិបាលស្រុកជាំក្សាន្ត សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដែលបានផ្តល់ឱកាសធ្វើជាសាក្សីឱ្យអភិបាលស្រុកទាំង៣, កងកម្លាំងប្រដាប់អាវុធ, លោកមេបញ្ជាការរងកងពលធំអន្តរ៉ាគមន៍លេខ៣ ទទួលកិច្ចការទំនាក់ទំនងព្រំដែន លោកមេបញ្ជាការកងសុរៈនារី (ថៃ) មេបញ្ជាការរងអង្គរក្សសម្តេចតេជោ ប្រចាំទិសប្រាសាទព្រះវិហារ បើកកិច្ចប្រជុំចង្អៀតរបស់រដ្ឋបាលនៃស្រុកទាំង៣ ស្តីពីគោលការណ៍ ភូមិ ឃុំ ដៃគូរសុវត្ថិភាពតាមព្រំដែន និងបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្ម គ្រួសារខ្នាតតូចដែលជាតម្រូវការរបស់ពលរដ្ឋនៃស្រុកទាំង៣ជាប់ព្រំដែនគ្នា ប្រកបដោយលទ្ធផលល្អប្រសើរ និងឈានទៅជួបគ្នាជាលើកទី២ទៀត នៅទីតាំងបុស្បូវ (ជាំតែ) លោ កវុធ តារ៉ា ក៏សូមថ្លែងអំណរគុណដល់លោកមេបញ្ជាការកងសុរៈនារី (ថៃ) ដែលបានជួយគាំទ្រ ជ្រោងជ្រែង និងផ្តល់ឧិកាសល្អ ដល់រដ្ឋបាលនៃស្រុកទាំង៣ បានជួបគ្នា៕