(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានផ្តល់អណ្តូងចំនួន៦៩អណ្តូង ដល់ខេត្តចំនួន៩ នៅក្នុងសកម្មភាពខែសីហា ឆ្នាំ២០២២នេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ជាពិសេសបញ្ហាទឹកស្អាតសម្រាប់ប្រើប្រាស់។
ខេត្តដែលទទួលបានអណ្តូងទឹកនេះរួមមាន៖ ខេត្តកំពង់ធំចំនួន ៦អណ្ដូង, ខេត្តត្បូងឃ្មុំចំនួន ៣អណ្ដូង, ខេត្តបាត់ដំបងចំនួន ១០អណ្ដូង, ខេត្តកំពង់ឆ្នាំងចំនួន ១០អណ្ដូង, ខេត្តពោធិ៍សាត់ចំនួន ១០អណ្ដូង, ខេត្តរតនគិរីចំនួន ៧អណ្ដូង, ខេត្តក្រចេះចំនួន ៣អណ្ដូង, ខេត្តកោះកុងចំនួន ១០អណ្ដូង និងខេត្តស្វាយរៀងចំនួន ១០អណ្ដូង។
លោក ខាន់ ខុន បានពាំនាំការសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាហើយលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសង្គ្រោះអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក៏ដូចជាបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះដោយបានចែកអំណោយជាស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
លោក ខាន់ ខុន បានលើកឡើងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ គឺជាការឧបត្ថម្ភគាំទ្រពីសមាគមបេសកកម្មដំណឹងល្អរួមជាមួយក្រុមហ៊ុន (ប៊ីម៉ារៀលអ៉ីស្តេត) Bema Real Estate co.Ltd និងការរួមសហការរបស់គ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេសបានបរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោកផ្ទាល់ក្នុងការចុះជួយដល់ប្រជាជនក្នុងប្រទេសកម្ពុជា ទៅតាមលទ្ធភាពដែលមានចូលរួមជួយដល់រាជរដ្ឋាភិបាលដើម្បីបង្កើនការអភិវឌ្ឍ។
ម្យ៉ាងវិញទៀតសកម្មភាពទាំងនេះក៏ជាការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍន៍នៅតាមទីជនបទក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពគ្រួសារដល់ប្រជាពលរដ្ឋក្នុងរដូវកាលការរីករាដាលជំងឺកូវីដ១៩នេះ ក៏ដូចជាជួយសម្រួលដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនឹងនេះ លោកបានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយចូលរួមរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់រក្សាសុខភាពអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំនិងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតឱ្យបានគ្រប់គ្នា។
លោកបានបន្តអំពានាវដល់ពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តការរស់នៅស្អាត ហូបស្អាត កុំបន្ទោរបង់ពាសវាលពាសកាល ត្រូវសម្រាន្តក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានេះដែរ អាជ្ញាធរដែនដីកងកម្លាំងរួមជាមួយប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ ខាន់ ខុន ក្រុមហ៊ុនប៊ីម៉ារៀលអ៉ីស្ទេត និងគ្រិស្តបរិស័ទក្នុងប្រទេស និងក្រៅប្រទេស ដែលជួយបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕