(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) កំពុងតែប្រឹងប្រែងក្នុងការជួយតម្រង់ទិសដល់យុវជនរបស់ខ្លួន ឲ្យចេះបង្កើតមុខរបរថ្មីៗ ហើយមុខរបរនោះ ត្រូវបានរំពឹងថា សុទ្ធតែរួមចំណែកបង្កើតការងារដល់យុវជនដទៃទៀតផងដែរ។

មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស (UICC) និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានសហការគ្នារៀបចំសិក្ខាសាលាតម្រង់ទិស «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនវ័យក្មេង RUPP» ជាលើកដំបូង។

លោក អោ វិទូ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស បានលើកឡើងថា នេះជាលើកទី១ ដែលកម្មវិធីត្រូវបានបង្កើតឡើង ដើម្បីជួយដល់សិស្សនៃសាកលវិទ្យាល័យ ដែលចាប់អារម្មណ៍ផ្នែកសហគ្រិនភាព មានឱកាសហ្វឹកហាត់ជំនាញរបស់ខ្លួន ក្នុងការក្លាយខ្លួនជាសហគ្រិននៅថ្ងៃអនាគត។

«កម្មវិធីនេះ មានគោលដៅដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជន នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយអាចបង្កើតជាមុខរបរថ្មីៗ បង្កើតជាការងារជាច្រើន សម្រាប់យុវជនដទៃទៀត ឲ្យគាត់មានឱកាសទទួលបាននូវការងារ សម្រាប់ជីវិតរបស់គាត់ ហើយយុវជនជាថ្នាលបន្តវេន នៅក្នុងវិស័យសហគ្រិនភាពនេះ»។ នេះបើតាមលោក អោ វិទូ។

ក្រុមការងាររៀបចំកម្មវិធី នឹងជ្រើសរើសយក ៨ក្រុម ដើម្បីផ្តល់ឱកាសឲ្យនិស្សិតដែលបានដាក់ពាក្យ ទទួលបានការបណ្តុះបណ្តាល ២សំខាន់ៗ រួមមាន៖

១៖ ការបណ្តុះបណ្តាលបែបហ្វឹកហាត់ ដើម្បីឲ្យពួកគេដឹងពីរបៀបសរសេរផែនការអាជីវកម្ម ផែនការទីផ្សារ ផែនការហិរញ្ញវត្ថុ និងផែនការធនធានមនុស្សជាដើម។
២៖ Mentor (មគ្គុទេសក៍) ដែលមានបទពិសោធន៍គ្រប់គ្រាន់ នៅក្នុងសហគ្រិនភាព នឹងជួយជ្រោមជ្រែងពួកគេ លើការអនុវត្តអាជីវកម្មឲ្យត្រូវនឹងបរិបទជាក់ស្តែង។

ដើម្បីកម្មវិធីប្រកួតពានរង្វាន់សហគ្រិនវ័យក្មេង RUPP លោក អោ វិទូ បានឲ្យដឹងថា និស្សិតត្រូវដាក់ពាក្យតាមអនឡាញ ហើយភ្ជាប់ជាមួយការសរសេរបង្ហាញគំនិតអាជីវកម្ម។ ក្រុមការងារកម្មវិធី នឹងជ្រើសរើសយក ៨ក្រុម ដើម្បីឲ្យពួកគាត់បង្ហាញផែនការអាជីវកម្ម ខណៈផែនការអាជីវកម្មណាដែលប្រាកដប្រជាជាងគេ ហើយអាចដោះស្រាយបញ្ហាសង្គមបាន នឹងត្រូវបានជ្រើសរើស ៣ក្រុមចុងក្រោយ។

លោកបន្តថា «ក្រោយពេល ៣ខែ ក្រុមការងាររៀបចំកម្មវិធី នឹងជ្រើសរើសតែ ៣ក្រុម ឲ្យចាប់ផ្តើមអាជីវកម្មពិតប្រាកដមួយ ហើយក្នុងរយៈពេល ១ឆ្នាំបន្តទៀត យើងនឹងជ្រោមជ្រែងគាត់ ដោយមានដៃគូដែលជាសហគ្រាស ដែលមានជំនាញជួយតម្រង់ទិស»

សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យ-សហគ្រាស ស្ថិតនៅបន្ទប់៧០១ អគារ STEM, RUPP ។

ចំណែកឯ លោកស្រីបណ្ឌិត អ៊ុ រ៉ាវី សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ ក្នុងឱកាសនោះ បានណែនាំឲ្យយុវជនរៀនទាំងជំនាញ និងរៀនទំនាក់ទំនង ដើម្បីផ្សារភ្ជាប់ខ្លួនឲ្យបានច្រើន ទៅក្នុងសង្គម។ លោកស្រីថា ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសង្គម បានកាន់តែច្រើន ឱកាសក៏មានច្រើនដែរ៕