(កំពង់ធំ)៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា សិស្ស ទាំងអស់ ត្រូវតាមដានការសិក្សារបស់កូនឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យពួកគាត់ក្លាយខ្លួនជាសិស្សមានគុណភាពល្អ និងក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ នាពេលអនាគត។

ការអំពាវនាវបែបនេះ របស់លោក តាន់ ប៊ុនហុង បានធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សជាង៤០០នាក់ របស់សាលាអន្តរជាតិគ្រាប់ពូជល្អ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅភោជនីដ្ឋានរស្មីច័ន្ទពេញវង់។

លោកបានលើកឡើងថា ការបណ្តុះបណ្តាលគ្រប់ទីកន្លែងទាំងសាលាឯកជន និងសាលារដ្ឋ គឺជាគោលដៅអភិវឌ្ឍន៍ធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសាលារៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយបង្កើនសមត្ថភាពដល់សិស្សានុសិស្សបន្ថែមលើចំណេះ និងបង្កើតភាពក្លាហានឈានទៅការទទួលបានចំណេះដឹងបន្ថែមតាមកម្មវិធីសិក្សារបស់ក្រសួងអបរំ យុវជន និងកីឡា។

ជាមួយគ្នានេះ ប្រធានមន្ទីរអប់រំ បានបន្តថា ការសិក្សានៅក្នុងសាលារដ្ឋតែមួយមុខ ឬសាលាឯកជនក្នុងម៉ោងធម្មតាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះ ទាមទារឱ្យអាណាព្យាបាលទាំងអស់បញ្ជូនកូនៗ ដែលទីស្រឡាញ់របស់ខ្លួនទៅរៀនក្រៅម៉ោងបន្ថែមដែលអាចឱ្យកុមារគ្រប់វ័យអាចទទួលចំណេះដឹងថ្មីៗបន្ថែម ដូចជាចំណេះលើភាសារបរទេស និងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើកុំទ្យូទ័រជាដើម។

លោកបានបញ្ជាក់ថា ឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាទំនើបមាតាបិតាត្រូវធ្វើការតាមដានការសិក្សារបស់កូនជាប់ជាប្រចាំដើម្បីឱ្យពួកគេទទួលបានចំណេះដឹងដែលគ្រូបានផ្ទេរមកឱ្យហើយក្នុងនោះកត្តាដែលសំខាន់មាន៖

ទី១៖ សាលារៀនត្រូវរៀបចំតាមស្តង់ដារគុណភាពអប់រំ ទាំងបរិយាកាសថ្នាក់រៀន អនាម័យសាលារៀន ព្រមទាំងលក្ខខ័ណ្ឌនៃការផ្តល់ចំណេះដឹងប្រកបដោយគុណភាព។

ទី២៖ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលសំខាន់ប្រើប្រាស់យុទ្ធវិធីសាស្រ្តគ្រប់ប្រភេទធ្វើឱ្យការផ្ទេរចំណេះដឹងទៅកាន់សិស្សបានល្អប្រសើរតាមសមត្ថភាពស្របតាមកម្មវិធីរបស់សាលារដ្ឋដែលក្រសួងគិតគូរអនុវត្ត។

ទី៣៖ កត្តាសិស្សខ្លួនឯង គឺត្រូវដឹងថាខ្លួនស្ថិតក្នុងវ័យសិក្សាមានតួនាទីសំខាន់ទទួលយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ខិតខំសិក្សារៀនសូត្រដោយមានភាពអំណត់តស៊ូ និងចេះកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់

ទី៤៖ កត្តាមាតាបិតាត្រូវមានការលើកទឹកចិត្តដល់កូនៗ ជាពិសេសផ្តល់ភាពកក់ក្តៅទាំងផ្លូវកាយ និងផ្លូវចិត្តការហូបចុក ការរាប់អានមិត្តនិងមានឥរិយាបថល្អជាគំរូសម្រាប់កូន និងបញ្ជូនកូនមករៀនឱ្យបានគ្រប់ៗគ្នាដើម្បីអនាគតល្អរបស់ពួកគេ។

បន្ថែមពីនេះ លោក តាន់ ប៊ុនហុង ក៏បានដាស់តឿនដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្សឱ្យបានល្អមិនមែនល្អតែត្រឹមសាលាឯកជននោះទេត្រូវល្អទាំងសាលារដ្ឋ ព្រោះថាលោកគ្រូ អ្នកគ្រូ ភាគច្រើនសុទ្ធសឹងចេញមកពីគ្រូក្របខណ្ឌរបស់រដ្ឋ។

លោក តាន់ ប៊ុនហុង បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រទាំងភាសាជាតិ និងភាសារបរទេសឱ្យបានច្បាស់លាស់ទាំងឥរិយាបទ អត្តចរិកថ្លៃថ្នូសក្តិសមជាកូនខ្មែរ ដើម្បីធ្វើជាទំពាំងស្នងឫស្សីល្អសម្រាប់សង្គមជាតិ។

លោក ខាត់ សុខអេង នាយកសាលាអន្តរជាតិគ្រាប់ពូជល្អខេត្តកំពង់ធំ បានលើកឡើងថា សាលាគ្រាប់ពូជល្អ សាខាខេត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន គឺធ្វើការអប់រំលើបីភាសាសំខាន់ គឺភាសាខ្មែរ ភាសាអង្គគ្លេស និងភាសាចិន ដែលធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដោយគ្រូជនជាតិបរទេស និងជនជាតិខ្មែរ ក្នុងថ្នាក់បឋមសិក្សាពេញម៉ោង និងក្រៅម៉ោងនិងការថែទាំកុមារ ដោយទទួលកុមារពីមត្តេយ្យកម្រិតទាបឡើងទៅ។ លើសពីនេះទៀតសាលារៀនបានបន្ថែមនូវម៉ោងរៀនកុំព្យូទ័រដោយឥតគិតថ្លៃលើសិស្សគ្រប់រូប៕