(ព្រៃវែង)៖ លោក ហួម តាំងហឿត ប្រធានក្រុមការងារចុះជួយឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានដឹកនាំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ និងទិសដៅការងារឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពាមរក៍ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ។
នាឱកាសនេះ លោក ហួម តាំងហឿត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ពិសេសពីលោក សន្ដិបណ្ឌិត ចាន់ អ៊ាន់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកពាមរក៍ ខេត្តព្រៃវែង ជូនដល់សង្គសន្និបាតទាំងមូលផងដែរ។
លោក ហួម តាំងហឿត បានលើកឡើង និងបានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងទៅទទួលបានជោគជ័យគួរជាទីមោទនៈបំផុត។ លោកក៏បានដាស់តឿន និងរំលឹកដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តធ្វើនូវសកម្មភាព ដើម្បីឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ សម្រេចបានជោគជ័យជាស្ថាពរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារចុះជួយឃុំពាមរក៍ ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពិនិត្យស្ថានភាពទឹកដែលបានជន់ឡើង ព្រមទាំងបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈ តាមដានជាប់ជាប្រចាំ ដើម្បីជួយដល់ប្រជាពលរដ្ឋនៅពេលត្រូវការជំនួយអន្ដរាគមន៍ណាមួយ៕