(សៀមរាប)៖ គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការចុះវាស់វែងកំណត់និយាមការ នៅតំបន់រមណីយដ្ឋានអង្គរ បានកើនដល់ជាង៤ម៉ឺនក្បាលដីហើយ ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំ ៦១ ហិកតាផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ការងារចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងការងាររៀបចំទីតាំងភូមិធម្មជាតិរុនតាឯក ទទួលបានលទ្ធផលដូចខាងក្រោម៖
១៖ វាស់វែងក្បាលដីបាន ៤១ ៥១៧ ក្បាលដី ទំហំ ៦ ៥៦៦ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២១ ៩៨២ ក្បាលដី, ក្បាលដីគ្មានសំណង់ ចំនួន ១៧ ០៣៧ ក្បាលដី និងក្បាលដីជាដីស្រែ ចំការចំនួន ២ ៤៩៨ ក្បាលដី។
២៖ ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៦១ ហិកតា។
៣៖ ការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ១ ៧៣០ ម៉ែត្រ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។
ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។
យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក៕