(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ។

កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ទាំង៧ និងសមាជិកគណបក្សតាមបណ្តាសង្កាត់នីមួយៗ សរុបចំនួន៥១៥នាក់។

បន្ទាប់ពីលោក ឯក ឃុនឌឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានអានសេចក្តីជូនដំណឹងស្តីពីផែនការរបស់ គណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣រួចមក លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងបញ្ជាក់បន្ថែមពីខ្លឹមសារនៃផែនការរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងលើកពីចំណុចសំខាន់ៗ មួយចំនួនដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខ។

លោកបណ្ឌិត បានបញ្ជាក់ថា គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានដាក់គោលដៅថា នឹងប្រជែងយក១០អាសនៈ លើ១២អាសនៈនៅរាជធានីភ្នំពេញ នៃលទ្ធផលលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ ដូច្នេះក្នុងនាមជាសមាជិក សមាជិកាគណបក្ស យើងត្រូវរួមចំណែកទទួលខុសត្រូវលើលទ្ធផលនៃការបោះឆ្នោតនេះ។

ជាមួយគ្នានោះ លោកក៏បានជំរុញដល់ក្រុមការងារគណបក្សខណ្ឌឫស្សីកែវ ឲ្យធ្វើការត្រូតពិនិត្យសមាជិក សមាជិកាដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជន ឲ្យក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់កម្មករនិយោជិត ក៏រឹតតែធ្វើឲ្យគណបក្សមានប្រជាប្រិយភាពទទួលបានការគាំទ្រកាន់តែខ្លាំង។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «មន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែខិតខំចាប់ពីពេលនេះ ទៅក្នុងការធ្វើសកម្មភាព រក្សាសមាជិកចាស់ និងបង្កើនថ្មី ហើយខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ប្រជាជន»។

លោកបន្តលើកឡើងថា កន្លងមកគណបក្សប្រជាជនកម្ពុជាតែងតែទទូលបានជ័យជំនះរាល់ការបោះឆ្នោតនានាទាំងការបោះឆ្នោតតំណាងរាស្ត្រ ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ មានសម្តេចតេជោប្រធានគណបក្ស ដឹកនាំរាជរដ្ឋាភិបាលប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាជនមានជំនឿទុកចិត្ត និងគាំទ្រជារៀងរហូត។

លោក អូស្មាន ហាស្សាន់ ក៏បានកោតសរសើរដល់ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ទាំង៧ និងសមាជិកគណបក្សតាមបណ្តាសង្កាត់ទាំង៧ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុត ក្នុងការបម្រើសេវាកម្មល្អដល់ប្រជាពលរដ្ឋ ដូចជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កន្លងមក។

ជាចុងក្រោយ លោកបានជំរុញដល់ប្រធាន អនុប្រធានក្រុមការងារគណបក្សចេះជួយខណ្ឌឫស្សីកែវ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ទាំង៧ និងសមាជិកគណបក្សតាមបណ្តាសង្កាត់ទាំង៧ ទាំងអស់ឲ្យបន្តរក្សាសាមគ្គីភាព និងសូមឲ្យបន្តយកចិត្តទុកដាក់ ក្នុងការបម្រើដល់ប្រជាពលរដ្ឋឲ្យល្អ ដើម្បីបន្តទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ៕