(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រិះដ្ឋានឧត្តមសិក្សា នៃស.ស.យ.ក, លោក សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងសមាជិក សមាជិកា ស.ស.យ.ក ជាច្រើនរូប។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិមានជ័យ លោក ហ៊ុន ម៉ានី បានបន្តជួបជាមួយសមាជិក សមាជិកា ស.ស.យ.ក ដែលទើបតែបញ្ចូលថ្មី ក្នុងក្របខណ្ឌសាកលវិទ្យាល័យជាតិមានជ័យ ហើយលោកបានរំលេចឡើងនូវចំណេះដឹងបន្ថែមដល់យុវជន ក៏ដូចជា សមាជិក សមាជិកា ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ បានយល់កាន់តែច្បាស់ពីគុណតម្លៃ នៃការចូលរួមជាមួយ ស.ស.យ.ក។
លោក ហ៊ុន ម៉ានី បានអះអាងថា ការចូលជាសមាជិក ស.ស.យ.ក នឹងទួលបានផលប្រយោជន៍៣ យ៉ាងសំខាន់ៗនោះ គឺទី១៖ បណ្ដុះឆន្ទៈ កម្លាំងកាយចិត្តក្នុងការងារសង្គម, ទី២៖ ការបណ្ដុះបណ្ដាលសមត្ថភាពផ្ទាល់ខ្លួន និងទី៣៖ ការធ្វើជាគំរូដល់សង្គម។
ជាមួយគ្នានោះ លោកក៏បានចែករំលែកពីបទពិសោធផ្ទាល់ខ្លួនកន្លងមក ដែលលោកបានជួបប្រទះ ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងបន្ថែមសម្រាប់យុវជន ហើយលើសពីនោះថែមទៀតលោកបានបញ្ជាក់ទៀតថា ស.ស.យ.ក នៅតែជាវេទិការសម្រាប់បណ្ដុះបណ្ដាលសមត្ថភាពរបស់យុវជនជានិច្ច។
គួរបញ្ជាក់ដែរថា ពិធីជួបសំណេះសំណាលនារសៀលនេះពិតជាបង្ហាញឲ្យឃើញពីស្មារតី នៃការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ជាមួយកាតព្វកិច្ចសង្គម ជាពិសេសបណ្ដុះស្មារតីយុវជនឲ្យត្រងត្រាប់ និងក្ដាប់យកឱកាសពីការចែករំលែកនានារបស់ថ្នាក់ដឹកនាំសំខាន់ៗផងដែរ៕