ក្រុមការងារខេត្តក្រចេះ ចុះថ្លែងអំណរគុណ និងអំពាវនាវពលរដ្ឋគាំទ្រគោលនយោបាយ សុខសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ការបោះឆ្នោតបន្ត
(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះជួបសំណេះសំណាល ថ្លែងអំណរគុណ និងអំពាវនាវប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គាំទ្រគោលនយោបាយសុខសន្តិភាព និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិនៅឆ្នំាំ២០២៣ ខាងមុខ។
ពិធីនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តសុពណ៌គិរីរាមជ្រោយអំពិល ដោយមានការចូលរួមពីសំណាក់សមាជិករដ្ឋសភា ក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្នុងខេត្តក្រចេះ លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីក្រុមការងារគណបក្សខេត្ត ស្រុក ឃុំ ភូមិ លោក លោកស្រីជាមេឃុំ ជំទប់ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ កម្លាំងប្រដាប់អាវុធ និងតំណាងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារក្នុងឃុំចំបក់ សរុបមានអ្នកចូលរួមចំនួនប្រមាណ ១ ៥០០នាក់។
បន្ទាប់ពីលោក នា សេង ប្រធានគណៈកម្មាធិការបក្សឃុំចំបក់ បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារគណបក្សក្នុងមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនប្រជាពលរដ្ឋក្នុងឃុំចំបក់ និងឃុំទាំងអស់នៃស្រុកព្រែកប្រសព្វ រួមទាំងស្រុកក្រុងទាំងអស់នៃខេត្តក្រចេះទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។
ជ័យជម្នះនេះក៏ជាសក្ខីភាពយ៉ាងប្រត្យក្ស សបញ្ជាក់ឱ្យឃើញពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។ ទន្ទឹមនោះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតខាងមុខទៀត។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិក្រោមមគ្គុទេ្ទសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធឈ្នះកូវីដ-១៩ បង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រងត្រាប់សេចក្តីអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តចូលរួមចលនាទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ តាមរយៈការចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ជាបន្តទៀត គួបផ្សំការអនុវត្តខ្ជាប់ខ្ជួនវិធានការ៣ការពារ ៣កុំ ដើម្បីជំរុញចលនាសកម្មភាពជាក់ស្តែងនៃរបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មីក្នុងពេលដែលជំងឺដ៏កាចសាហាវនេះនៅមិនទាន់ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅឡើយ។
មុនបញ្ចប់មតិសំណេះសំណាល លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្ដាំរំលឹកដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ពីកាតព្វកិច្ចក្នុងការតបស្នងការស្រឡាញ់ និងជំនឿទុកចិត្តដ៏មុតមាំរបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដោយត្រូវរួមគ្នាធ្វើអំពើល្អ អំពើបុណ្យគ្រប់ពេលវេលា គ្រប់ទីកន្លែង បន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ក្នុងសកម្មភាពបម្រើការពារប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ និងឆន្ទៈខ្ពស់ សំដៅរក្សា និងពង្រីកប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានឆ្ពោះទៅដណ្តើមជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ ខាងមុខនេះ៕