(តង់ហ្សានី)៖ ចំនួនសត្វដំរីនៅក្នុងប្រទេសតង់ហ្សានី នៃតំបន់អាហ្វ្រិកកំពុងតែថមថយយ៉ាងខ្លាំងគួរឲ្យ ព្រួយបារម្ភបំផុត ខណៈដែលមូលនិធិសត្វព្រៃពិភពលោក WWF បានព្រមានថា សត្វដំរីអាចនឹងផុតពូជ ពីប្រទេសនេះតែម្តងនៅឆ្នាំ ២០២២ ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការទប់ស្កាត់ ក្រុមជនល្មើស ដែលតែងសម្លាប់ដំរីយកភ្លុកទេនោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។
បើតាមរបាយការណ៍ពីមូលនិធិខាងលើនេះ កាលពីអំឡុងទសវត្សរ៍ ១៩៧០ ប្រទេសតង់ហ្សានី មានសត្វ ដំរីចំនួន ១១០,០០០ ក្បាលបានរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៦ សត្វដំរីមាន នៅសល់តិចតួចបំផុត តែ ១៥,០០០ក្បាលប៉ុណ្ណោះ ក៏ព្រោះតែជំនួញភ្លុកដំរីនៅរយៈពេលជាងមួយ ទសវត្សរ៍ចុងក្រោយនេះ បានផ្ទុះឡើងដូចគ្រាប់បែកបរមាណូ។
ដោយហេតុនេះហើយទើប WWF បានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានទៅកាន់រដ្ឋាភិបាល តង់ហ្សានី ថាសត្វដំរីប្រទេសនេះ អាចនឹងបាត់បង់ទាំងស្រុងនៅឆ្នាំ ២០២២ ប្រសិនបើមិនព្រមចាត់ វិធានការការពារឲ្យមានប្រសិទ្ធភាពទេនោះ។ គួរបញ្ជាក់ថា សត្វដំរីយ៉ាងហោចណាស់ជាង ៣០,០០០ក្បាល ទូទាំងតំបន់អាហ្វ្រិក ត្រូវបានក្រុមឈ្មួញកាប់សម្លាប់រួចយកភ្លុកទៅលក់ នៅលើទីផ្សារងងឹតរបស់អន្តរជាតិ៕