(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា សហការជាមួយសមាគមផលិតផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងវិធានដើមកំណើតទំនិញ។
សិក្ខាសាលា ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ RAINTREE ដោយវត្តមានចូលរួមធ្វើបទបង្ហាញដោយវាគ្មិនមានដូចជា៖
១៖ លោក ហូ ស៉ីយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម
២៖ លោក អ៊ុន ចាន់ថា ទីប្រឹក្សាក្រសួងពាណិជ្ជកម្មនិងជាប្រធាននាយកដ្ឋាននាំចេញ-នាំចូល
៣៖ កញ្ញា យឹម ទិត្យាបរមីណ៍ មន្រ្តីនាយកដ្ឋាននាំចេញ-នាំចូល។
សិក្ខាសាលានេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូហ្សូម (Zoom) ដោយសមាជិក សមាជិកា អ្នកទទួលបន្ទុកការងារនាំចូល-នាំចេញ ប្រចាំរោងចក្រ សហគ្រាសផងដែរ។
លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងលោក លឹម តុង ប្រធានសមាគមផលិតផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដែលបានអញ្ជើញចូលរួមជាវត្តមានក្នុងកម្មវិធីនេះ បានឲ្យដឹងថា សិក្ខាសាលាពន្យល់ណែនាំនៅថ្ងៃនេះ មានសារៈសំខាន់ និងមានភាពចាំបាច់ណាស់ដល់សមាជិក សមាជិកានៅតាមបណ្តារោងចក្រ សហគ្រាស ដែលបម្រើដល់វិស័យនាំចេញទៅក្រៅប្រទេស ដើម្បីជាជំនួយដល់បទពិសោធន៍ និងបំពេញបន្ថែមចំណេះដឹងស្តីពីបែបបទ និងលក្ខខណ្ឌអនុគ្រោះពន្ឋផ្សេងៗ ក្នុងការអនុវត្តការស្នើសុំការបញ្ជាក់ដើមកំណើតទំនិញ ដើម្បីញ៉ាំងឲ្យការនាំចេញផលិតផលទៅកាន់ទីផ្សារជាដៃគូ ប្រកបដោយភាពរលូន និងទាន់ពេលវេលា៕