(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ កងកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ និងជូនដំណឹងឱ្យរុះរើបញ្ឈប់ការតាំងលក់លើចំណីផ្លូវ និងកាត់សំយ៉ាបលយចូលមកផ្លូវនៅចំណុចជុំវិញផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែ លោក គាត ហ៊ុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានតាំងលក់លើផ្លូវ និងកាត់សំយ៉ាបលយចូលមកចំណីផ្លូវសូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ និងសូមឱ្យមានការស្វ័យរុះរើស្ម័គ្រចិត្តដោយខ្លួនឯង។

លោកអភិបាលក្រុង បានទុកឱសានវាទរយៈពេល០៩ថ្ងៃ ក្នុងការរុះរើចាប់ថ្ងៃចុះណែនាំជូនដំណឹងនេះតទៅ ដោយផុតរយៈពេលកំណត់រដ្ឋបាលក្រុងនឹងចុះរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតឡើយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានតាំងលក់លើផ្លូវ និងកាត់សំយ៉ាបលយចូលមកចំណីផ្លូវនេះ ដើម្បីទីក្រុងស្អាត និងមានរបៀបរៀបរយគឺត្រូវការចូលរួម និងផ្តើមចេញពីបងប្អូនទាំងអស់គ្នា៕