(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់លោកអធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ បន្តការកសាងរបងប៉ុស្តិ៍ ត្រូវផ្តល់សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ញ្ជាតិខ្មែរ និងសេវាផ្សេងៗឱ្យបានទាន់ពេលវេលា ត្រូវគ្រប់គ្រង និងចុះបញ្ជីរាល់ការស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ដែលមកធ្វើការងារ ឬមកធ្វើអាជីវកម្មតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ។
ការជំរុញបែបនេះរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរនគរបាលការពារព្រំដែនទាំង៤ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនជាច្រើនរូប។
នាឱកាសនោះដែរ លោកស្នងការ បានបញ្ជាក់ថា ចំពោះនគរបាលការពារព្រំដែន ត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់បទល្មើសទំនិញគេចពន្ធ បទល្មើសឆ្លងដែនខុសច្បាប់ ផងដែរ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនសេនាធិការ បានឡើងធ្វើសេចក្តីរាយការណ៍ស្តីពី លទ្ធផលការងារប្រតិបត្តិការរបស់នគរបាលសម្រេចបាន និងបានលើកអំពីបញ្ហាប្រឈម ចំនុចខ្លាំង ចំណុចខ្សោយ សំណូមពរផ្សេងៗ របស់កងកម្លាំងក្នុងការបំពេញការងារ និងបេសកកម្មនាពេលកន្លងមក។
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងាររហូតបានលទ្ធផលល្អគួរជាទីមោទនៈ គ្រប់កងឯកភាព ហើយចំនុចខ្វះខាត ត្រូវព្យាយាមបំពេញ តាមរយៈការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និងភាសារបរទេសជាដើម៕