(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជុង រ៉ាវុធ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ និងជាប្រធានក្រុមជំនួយការ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ ថាកិច្ចប្រជុំកុងស៊ុលអាស៊ានលើកទី២៥ (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ គឺផ្តោតសំខាន់ការបញ្ហាកូវីដ១៩ ការត្រៀមខ្លួនការពារ និងការស្តារប្រទេសឡើងវិញបន្ទាប់ពីរងគ្រោះដោយសារជំងឺកូវីដ១៩ ព្រមទាំងការសហការផ្តល់ព័ត៌មានទៅវិញមក ទៅមកពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់។

ឧត្តមសេនីយ៍ទោ ជុង រ៉ាវុធ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះមានការចូលរួមពីសំណាក់ប្រទេសជាសមាជិកអាស៊ានទាំង១០ បូករួមទាំងប្រទេសចំនួន ៣ទៀតរួមមាន៖ ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលជាលើកទី១ ហើយដែលអាស៊ាន បានអនុម័តឱ្យមានប្រទេសក្រៅតំបន់ទាំង៣ប្រទេសនេះឱ្យចូលរួមក្នុងកិច្ចប្រជុំ។

អង្គប្រជុំបានធ្វើការចែករំលែកបទពិសោធន៍ល្អៗរួមមាន៖ ការគ្រប់គ្រងដំណើរចូល ចេញប្រទេស និងសកម្មភាពឆ្លងកាត់ព្រំដែន ក្នុងបរិបទការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងផែនការអនុវត្តសម្រាប់ការស្តារឡើងវិញ ក្នុងក្របខណ្ឌអាស៊ានក្រោយវិបត្តនៃជំកូវីដ១៩ ព្រមទាំងយន្តការគ្រប់គ្រងអន្តោប្រវេសន៍មួយចំនួនទៀត ពិសេសជំរុញការលើកកម្ពស់មធ្យោបាយទំនាក់ទំនង ការផ្លាស់ប្តូរព័ត៌មានជំនាញ សំដៅធ្វើយ៉ាងណារួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានការគំរាមគំហែងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសដទៃទៀត។

ជាការចូលរួមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានគូសបញ្ជាក់ជូនអង្គប្រជុំ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក្នុងការគ្រប់គ្រងដំណើរចូល ចេញប្រទេស ការគ្រប់គ្រងវត្តមានជនបរទេសនៅក្នុងកម្ពុជា ជាពិសេសការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិធានសុខាភិបាលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

អង្គប្រជុំបានឯកភាពគ្នា បន្តជំរុញលើកកំពស់កិច្ចសហការគ្នាឱ្យបានកាន់តែប្រសើរ និងកាន់តែជិតស្និទ្ធថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាសមាជិក និងតំបន់អាស៊ានទាំងមូល។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រតិភូអញ្ជើញវិលត្រលប់មកពីប្រទេសសង្ហិបូរី នៅកាអាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីបានដឹកនាំក្រុមការងារដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៥ (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៦ ខែសីហា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី៕