(ព្រះវិហារ)៖ លោក ជា សែ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានជំរុញដល់មេឃុំ ក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ដែលទើបជាប់ឆ្នោតថ្មីៗ ត្រូវខិតខំបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានលឿន ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ការជំរុញបែបនេះរបស់លោក ជា សែ បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងក្នុងពិធីសន្និបាតបូកសរុប លទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ដោយមានការចូលរួមពីលោក អ៊ុង វុឌ្ឍី ប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុករវៀង លោក ហោ ប៊ុនហ៊ួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត។
លោក ជា សែ ក៏បានជម្រាបជូនយុវជនជំនាន់ក្រោយពីការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា ពោលគឺបានចូលរួមរំដោះប្រទេសជាតិជាមួយសម្តេចព្រះ នរោត្ត សីហនុ ព្រះបរមរតនកោដិនៃយើង ពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យទាំងស្រុងនៅឆ្នាំ១៩៥៣ និងបន្តបន្ទាប់មកទៀតបានធ្វើការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលយើងតែងហៅថាថ្ងៃកំណើតទី២ (៧ មករា ១៩៧៩) ធ្វើឱ្យខ្មែរយើងមានសិទ្ធិសេរីភាពឡើងវិញ ក៏ដូចជាការបញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ក្នុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាគណបក្ស។
លោក ជា សែ បានបញ្ជាក់ទៀតថា ឆ្លងតាមរបត់នយោបាយរបស់ប្រទេសជាតិជាច្រើនជំនាន់ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជា គឺបង្កើតឡើងដោយប្រជាជន ជារបស់ប្រជាជន បម្រើផលប្រយោជន៍ប្រជាជន និយាយរួមគណបក្សប្រជាជនកម្ពុជា គឺតែងនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់។
ប្រធានក្រុមការងារ ក៏បានក្រើនរំលឹកដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ត្រូវខិតខំដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវជំរុញប្រជាពលរដ្ឋទៅពិនិត្យនិងចុះឈ្មោះបោះឆ្នោត ព្រមទាំងជម្រុញដល់ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យបានលឿនផងដែរ៕