(សៀមរាប)៖ លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះពិនិត្យមើលទីតាំងប្រមូលផ្តុំមនុស្សរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានធ្វើលិខិតមួយស្នើដល់អភិបាលខេត្តសៀមរាប ឱ្យមានវិធានការណែនាំដល់អាជ្ញាធរឱ្យទប់ស្កាត់សកម្មភាពបំផុសបំផុល និងប្រមូលផ្តុំរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅស្រុកបន្ទាយស្រី។

តាមរបាយការណ៍របស់មន្ទីរធម្មការ និងសាសនាខេត្តសៀមរាបបានឱ្យដឹងថា ក្នុងអំឡុងពេលពីរបីថ្ងៃកន្លងមកនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួន ស្ថិតនៅភូមិសរសើ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយបានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ថានឹងមានអភូតហេតុរញ្ជួយផែនដី នឹងកើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឲ្យប្រជាពលរដ្ឋនាំគា្នប្រញាប់ប្រញាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់ (ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចនោះបាន។ ករណីនេះ ជាការបំផុសបំផុល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យមានចលាចលផ្សេងៗកើតឡើង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោធន៍ផងដែរ។

មន្ទីរធម្មការខេត្តសៀមរាប រៀបរាប់ទៀតថា ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣ ស.រ យោងខាងលើ បានចែងថា (ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាម ព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន។ ម្យ៉ាងទៀតផ្អែកតាមមន្ទីរធម្មការខេត្តសៀមរាប រៀបរាប់ទៀតថា ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣ ស.រ យោងខាងលើ បានចែងថា (ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬជាព្រះបាទធម្មិក ដោយយកព្រះនាម ព្រះពុទ្ធសាសនារបស់រដ្ឋមកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន។ ម្យ៉ាងទៀតផ្អែកតាម ការណែនាំផ្ទាល់របស់ នាយកខុទ្ទកាល័យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា រាល់សកម្មភាពសាសនាដែលមានការចូលរួមមនុស្សលើសពី ១០០ នាក់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬទីតាំងសាសនាដែលស្របច្បាប់តែប៉ុណ្ណោះ។

បើរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៣ថ្ងៃនេះ មានមនុស្សជាង១.៥ម៉ឺននាក់ បានទៅប្រមូលផ្តុំនៅចំការរបស់ លោក ខឹម វាសនា បន្ទាប់ពីមានការឃោសនាថា នឹងមានទឹកលិចនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ហើយអំពាវនាវឱ្យពលរដ្ឋទៅកាន់ចម្ការរបស់លោក ខឹម វាសនា នៅឯជើងភ្នំគូលែន៕