(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១ ដោយលោកបានអញ្ជើញដឹកនាំប្រតិភូគណៈមេធាវី ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងរៀបចំកម្មវិធីប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១ នៅបុរី អ & អេហ្វ ស៉ីធី (R&F City) ដែលប្រព្រឹត្តទៅក្នុងរយៈពេល ០៣ (បី)ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ជូនផងដែរថា កីឡាករ កីឡាការិនី ដែលបានចុះឈ្មោះចូលរួមប្រកួតកីឡាវាយសីពានរង្វាន់គណៈមេធាវី លើកទី១នេះ មានចំនួនសរុប ១៤១នាក់ ក្នុងនោះកីឡាការិនីមានចំនួន ១៦នាក់។

ក្នុងឱកាសនេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ & អេហ្វ គ្រុប (R&F Group) និងបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក លី ច័ន្ទតុលា ផងដែរ។

បុរី អ & អេហ្វ ស៉ីធី (R&F City) មានទីតាំងស្ថិតនៅលើមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕