(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា បញ្ហាជួញដូរមនុស្ស និងគ្រឿងញៀន គឺជាបញ្ហាសាកល សូម្បីសហរដ្ឋអាមេរិក និបណ្តាប្រទេសធំៗ នៅលើពិភពលោក ក៏នៅតែមិនទាន់ដោះស្រាយបានផង។

ការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៉ីសេរី បានផ្សាយកាលពីពេលថ្មីៗនេះថា ចិនដែលជាមិត្តដែកថែបកំពុងប្រែក្លាយសង្គមកម្ពុជាសព្វថ្ងៃ ឲ្យក្លាយជាមជ្ឈមណ្ឌលជួញដូរមនុស្ស បង្ខាំងមនុស្សខុសច្បាប់ អំពើជួញដូរគ្រឿងញៀន និងអំពើឆបោកទ្រង់ទ្រាយធំ តាមប្រព័ន្ធអនឡាញ នៅតំបន់អាស៉ីអាគ្នេយ៍។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ហាជួញដូរមនុស្ស គ្រឿងញៀន គឺជាបញ្ហាសាកល ដែលសូម្បីតែប្រទេសដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាបបទល្មើស ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសធំៗ ក៏នៅតែមិនទាន់ដោះស្រាយបាន ហើយបញ្ហារំលោភសិទ្ធិមនុស្ស ក៏កើតមានរៀងរាល់ថ្ងៃ»។

លោកស្រីបន្តថា «ប្រទេសធំៗ ក៏មានឧក្រិដ្ឋជនដ៏សាហាវឃោរឃៅ និងបង្កភាពរងគ្រោះដល់អ្នករស់នៅក្នុងប្រទេសរបស់ខ្លួន ហើយក៏មានចេញទៅបង្កបញ្ហាដល់ពលរដ្ឋប្រទេសដទៃ។ នេះហើយដែលហៅថា ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបណ្តាញចាត់តាំងទូទាំងពិភពលោក។ ចុះទម្រាំកម្ពុជា តើរឿងអីមិនរងគ្រោះ ទោះបីជាគ្មានមិត្តភាពដែកថែបនេះក៏ដោយ»។

បើតាមលោកស្រី ជូ ប៊ុនអេង ទោះបីយ៉ាងនេះក្តី កម្ពុជាបានធ្វើសកម្មភាពឥតឈប់ឈរ ដើម្បីការពារប្រជាជនខ្លួន រួមទាំងជនបរទេស រស់នៅលើទឹកដីកម្ពុជា ពីអំពើជួញដូរមនុស្ស។

សូមជម្រាបថា គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់បន្ថែមថា ៧ខែ ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជា បានបង្ក្រាបអំពើជួញដូរមនុស្ស ៧៤ករណី ហើយបានចាប់ខ្លួនជនជាតិចិន ម៉ាឡេស៉ី វៀតណាម និងជនជាតិខ្មែរ ៦០នាក់ បញ្ជូនទៅតុលាការ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សខុសច្បាប់។ ក្នុងរយៈពេលនេះដែរ សមត្ថកិច្ចបាននសង្គ្រោះមនុស្សជាង ៦០០នាក់៕