(សៀមរាប)៖ ក្រសួងបរិស្ថាន បានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការ ដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ។

ជាក់ស្តែងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នាឱកាសនោះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថាន គឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ»។

លោក សាយ សំអាល់ បានលើកឡើងថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្ត្រីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ដែលតម្រូវឱ្យរៀបចំរយៈយូរ ដើម្បីធ្វើបំពេញបេសកកម្មការងារ សម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្រៅពីការងារស្នូលបច្ចុប្បន្ននេះ៕