(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃ២៧ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ ដែលមានកម្ពស់៦៧៤ម៉ែត្រ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថា ភ្នំជុំរីករាយស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្រោយទីតាំងនេះត្រូវបានបង្កើតឡើងជាតំបន់ទេសចរណ៍ធម្មជាតិ នោះប្រជាពលរដ្ឋនឹងទៅទស្សនាជាក់ជាមិនខានឡើយ ដែលជាការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់នោះខ្លាំងឡើង ម្យ៉ាងទៀតនឹងធ្វើឲ្យដីធ្លីមានទីផ្សារចៀសមិនផុតឡើយ។

នៅតំបន់ភ្នំជំរាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត៕