(សៀមរាប)៖ ទីភ្នាក់ងារទេសចរកម្ពុជា (All Dream Cambodia) នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្នុងក្រុងសៀមរាប ក្រោមប្រធានបទ «មួយជំហានគ្មានផ្លាស្ទិក» ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីជំងឺកូវីត១៩ ធូរស្រាលបន្តិច។

ក្នុងឱកាសនោះ លោក Jacques GUICHANDUT នាយកគ្រប់គ្រង និងជាសហស្ថាបនិក All Dream Cambodia បានលើកឡើងថា «ដោយ All Dream Cambodia ធ្វើការជាមួយភ្ញៀវទេសចរ និងទទួលបានការខំមិនត្រឡប់មកវិញពីទេភ្ញៀវទេសចរ ដែលបានរៀបរាប់ថា ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជាមានអ្វីៗដ៏ស្រស់ស្អាតជាច្រើន ប៉ុន្តែរឿងមួយដែលគួរឱ្យសោកស្តាយនោះ គឺមានផ្លាស្ទីកចោលពាសវាលពាសកាល។ ដូច្នេះ ហើយទើប All Dream Cambodia ដើម្បីព្យាយាមធ្វើឱ្បបរិស្ថានល្អ ស្អាត គ្មានផ្លាស្ទិក នៅពេលភ្ញៀវទេសចរចូលមក ពួកគាត់សប្បាយចិត្តជាមួយនឹងសេវាកម្មមានភាពរួសរាយរាក់ទាក់ ព្រមទាំងពួកគាត់សប្បាយចិត្តដោយឃើញបរិស្ថានស្អាតផងដែរ។ ទីភ្នាក់ងារទេសចរទាំងអស់ត្រូវសហការគ្នាធ្វើ ដើម្បីឱ្យបរិស្ថានល្អ ស្អាត និងផ្សព្វផ្សាយទៅស្ថាប័នពាក់ព័ន្ធឱ្យពួកគាត់ចូលរួមក្នុងកម្មវិធីសម្អាតបរិស្ថាន នៅតាមទីកន្លែងផកសេងៗ ដើម្បីលើកមុខមាត់ខេត្ត ជាពិសេសប្រទេសកម្ពុជាផង»។

ទន្ទឹមនឹងនោះ លោកបានបន្តថា នេះមិនម៉ែនជាកម្មវិធីដំបូងនោះឡើយ ដោយកន្លងមកលោកក៏បានរៀបចំកម្មវិធីនៅខេត្តកែបរួចហើយ នៅខែបន្ទាប់ទៀតនឹងរៀបចំនៅ ភ្នំពេញ ខេត្តបាត់ដំបង ខេត្តក្រចេះ និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបន្ថែទៀតថា លោកមករស់នៅប្រទេសកម្ពុជា២៧ឆ្នាំហើយ កាលលោកមកដំបូងមិនទាន់មានផ្លាស្ទិចច្រើនដូចសព្វថ្ងៃនេះទេ ដោយការវិវត្តរស់នៅរបស់មនុស្ស បានធ្វើឱ្យការផ្លាស្ទិកកាន់តែច្រើន ដូច្នេះហើយទើបលោកចង់ឱ្យការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ប្លាស្ទិកដែលប្រើប្រាស់រួចឱ្យបានត្រឹមត្រូវ កុំចោលពាសវាលពាសកាលផងដែរ។

ជាមួយនេះដែរ លោក សំហេង បុរស រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមក្នុងកម្មវិធី បានបញ្ជាក់ថា ដោយមើលឃើញពីគម្រោងល្អដែលចង់ឱ្យកូនខ្មែរ យល់ដឹងពីកាតព្វកិច្ច និងតួនាទីរបស់គាត់ ក្នុងការចូលរួមជាមួយកម្មវិធីផ្សេងៗ ជាពិសេសការបម្រែបម្រួលអាកាសធាតុ ការចូលរួមពីវិស័យឯកជននិងប្រជាពលរដ្ឋ ទើបអាចដោះស្រាយបញ្ហាទាំងអស់បាន។

លោកថាដោយឃើញពីស្ថានភាពទេសចរណ៍នៅក្នុងស្រុកជួបការលំបាក ដោយនៅពេលជំងឺកូវីដចូលមកបានបិទវិស័យទេសចរណ៍ ហើយក៏ពិបាកក្នុងការទាញទេសចរណ៍មកវិញ។ ហើយកម្មវិធីនេះក៏បានអូសទាញម្ចាស់សណ្ឋាគារ ក្រុមហ៊ុនជាង៤០ ដើម្បីចូលរួម និងផ្សព្វផ្សាយដល់ទេសចរណ៍ផងដែរ៕