(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានសហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីអប់រំសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងពិនិត្យជំងឺមាត់ធ្មេញ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។ ពិធីនេះមានការចូលរួមពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។
នៅក្នុងពិធីនេះ លោកអភិបាលខណ្ឌ ថ្លែងអំណរគុណដល់ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានរៀបចំកម្មនេះឡើង ដើម្បីរួមចំណែកក្នុងការថែរក្សាសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្ស និងបង្រៀនដល់សិស្សានុសិស្សឱ្យចេះសម្អាតមាត់ធ្មេញដោយខ្លួនឯង។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ផ្តាំផ្ញើឱ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតរបស់ខ្លួនទៅថ្ងៃមុខ។ ជាពិសេសត្រូវធ្វើខ្លួនឱ្យក្លាយទៅជាសិស្សល្អមិត្តល្អ និងកូនល្អ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំឱ្យអន្តរាយដល់ខ្លួន នឹងត្រូវអនុវត្តតាមការបង្ហាត់បង្រៀនណែនាំពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានចុះមក ព្យាបាលជំងឺមាត់ធ្មេញ សម្អាតអនាម័យមាត់ធ្មេញដល់ក្មួយៗ។
លោក ចេង មុនីរ៉ា បានបន្តថា ក្មួយៗគឺជាទំពាំងស្នងឫស្សី ដែលត្រូវបន្តវេន ដូច្នេះហើយ អ្វីដែលសំខាន់សម្រាប់ក្មួយៗ គឺត្រូវខិតខំរៀនសូត្រ យកចំណេះវិជ្ជាពិតប្រាកដ ព្រោះថាចំណេះវិជ្ជានេះ គឺជាទ្រព្យសម្បត្តិ ដ៏សំខាន់ណាស់សម្រាប់អនាគតរបស់ក្មួយៗ។
នៅចុងបញ្ចប់ លោកអភិបាលខណ្ឌបានណែនាំឱ្យក្មួយ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវដ១៩ ឱ្យបានគ្រប់ដុស និងឱ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់សាំងនេះ ប្រៀបដូចជាអាវុធសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវដ១៩ មិនឱ្យចូលក្នុងខ្លួនយើងបានឡើយ ហើយសូមកុំភ្លេច ត្រូវអនុវត្តជាប្រចាំតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺ «៣កុំ និង៣ការពារ» ក្មួយៗគ្រប់គ្នានឺងជៀសផុតពីជំងឺកូវដ១៩៕