(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងការចូលរួមទប់ស្កាត់គ្រោះមហន្តរាយជាយថាហេតុដោយសារជំនន់ទឹកភ្លៀង ខណៈនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ កម្ពស់ទឹកស្ទឹងសែននៅខេត្តព្រះវិហារ ឡើងលើសកម្រិតត្រូវប្រកាសអសន្នរហូត ១១.៦០ម៉ែត្រ ពោលលើសកម្រិតប្រកាសអាសន្ន០,១០ម៉ែត្រ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ខេត្តព្រះវិហារមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី២៧ ខែសីហា ទឹកស្ទឹងសែនមានកម្ពស់១១.៦០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន0.១០ម៉ែត្រ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងតែរស់នៅតាមតំបន់ងាយរងគ្រោះ ដោយសារទឹកជំនន់មួយចំនួន មេត្តាប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាពនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ សូមមេត្តារាយការណ៍និងផ្តល់ព័ត៍មានឱ្យបានឆាប់បំផុតដល់អាជ្ញាធរជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖