(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំ ក្រុមការងារ ដោយមានការចូលរួមពីប្រធានគណបក្សស្រុកបារាយណ៍ និងស្រុកតាំងគោក រួមនឹងប្រធានគណបក្សឃុំ និងក្រុមការងារស្រុក ឃុំ បើកកិច្ចប្រជុំជីវភាព ប្រចាំខែ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាខិតខំក្ដាប់ឱ្យបានពីតម្រូវការរបស់ប្រជាពលរដ្ឋ និងបន្តខិតខំ ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានល្អ។

បន្ទាប់ពីស្ដាប់នូវរបាយការណ៍ប្រចាំខែរបស់ប្រធានគណបក្សស្រុកទាំង២រួចមក, លោក ថោង ខុន ក៏បានណែនាំដល់ប្រធានគណបក្សស្រុកទាំង២ ត្រូវរួមគ្នា ចុះសួរ សុខទុក្ខប្រជាជន នឹងចុះជួយដោះស្រាយនូវបញ្ហារបស់ ប្រជាពលរដ្ឋ ឱ្យបានជាប់លាប់ជាប្រចាំ ដោយធ្វើយ៉ាងណាកុំឱ្យមានប្រជាពលរដ្ឋណាម្នាក់ជួបបញ្ហា ដោយមិនមានការដោះស្រាយ។ ការធ្វើដូចនេះដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ត្រីស្រុកទាំង២ ត្រូវសហការឱ្យគ្នាឱ្យបានល្អជាមួយមន្ត្រីថ្នាក់ក្រោម ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានកាន់ តែល្អ ថែមទៀត ដើម្បីជាការបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សអាចឈានទៅទទួល ជ័យជំនះ ទាំងស្រុងលើការ បោះឆ្នោតសកល នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ទៀតថា យុវជនគឺជាកម្លាំងគាំទ្របក្សដ៏សំខាន់ ដូច្នេះត្រូវយកចិត្តទុកដាក់លើការកសាងកម្លាំងបក្សបន្ថែម ជាពិសេស ត្រូវ យកចិត្ត ទុកដាក់តាម ដានត្រួតពិនិត្យមើលសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រភេទថ្មី ឬមានដែរតែហួស សុពលភាព ឬបាត់ ឬខូច ត្រូវចាត់ចែងជួយពួកគាត់ឲ្យទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ជាពិសេសត្រូវខិតខំចុះសំរង់ឈ្មោះប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត បានទៅចុះឈ្មោះ បោះឆ្នោត ដើម្បីទទួលបានសិទ្ធបោះឆ្នោតគ្រប់ៗគ្នា។

ជាចុងបញ្ចប់លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគណបក្សស្រុក ត្រូវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំ រួមគ្នាពង្រឹងឱ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់ឱ្យអស់ កុំឱ្យមាន ល្បែង ស៊ី ស ងកើតមាននៅក្នុងភូមិ ឃុំ ស្រុកបន្តទៀត ដែលការលេងល្បែងនេះអាចកើតមានជាបទល្មើសផ្សេងៗជាយថាហេតុ។ ជាពិសេសនោះត្រូវខិត ខំដោះស្រាយ បញ្ហារបស់ ប្រជាពលរដ្ឋ និងផ្សព្វផ្សាយ ឱ្យបានទូលំ ទូលាយ នូវអ្វីដែលច្បាប់ហាមឃាត់ ដល់ប្រជាពលរដ្ឋឱ្យបានដឹងគ្រប់ៗគ្នា ដើម្បីកុំឱ្យពួកគាត់ប្រព្រឹត្តដែលនាំឱ្យមានទោស ទណ្ឌផ្សេងៗ៕