(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយលោកកែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានផ្នែក និងសមាជិក សមាជិកាផ្នែកឃោសនាអប់រំ បានអញ្ជើញសួរសុខទុក្ខលោក ប៊ុន អ៊ុយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យចាស់ ហើយមានជំងឺកំពុងព្យាបាលនៅគេហដ្ឋាន។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច លោកស្រី-លោក ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជូនចំពោះលោក ប៊ុន អ៊ុយ និងក្រុមគ្រួសារ។

លោក ចាយ បូរិន ប្រធានប្រតិភូ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេច និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជន ស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ ទាំងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ។

លោកប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោក ប៊ុន អ៊ុយ និងការលះបង់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិស្ទើរមួយជីវិតនៅក្នុងស្ថាប័ន នីតិប្រតិបត្តិ ដូចជាធ្លាប់បានបម្រើការងារជាមន្រ្តី ជាឧបការីខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្រ្តី ជាអនុរដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការក្រុមប្រឹក្សារដ្ឋមន្ត្រី ជារដ្ឋលេខាធិការ -ជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរម្លឹកថា លោកបណ្ឌិត ហ៊ុន ណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទាំងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺត្រូវសហការគ្នា ចុះសួរសុខទុក្ខ ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថា ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន បានធ្វើពលិកម្មដ៏ធំធេង និងសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលយុវជនជាអ្នកបន្តវេនត្រូវសម្ដែងការដឹងគុណ ចំពោះថ្នាក់ដឹកនាំជំនាន់មុន ហើយខិតខំថែរក្សា មរតកដ៏ថ្លៃថ្លា និងកសាងឱ្យបាននូវ សមិទ្ធផលថ្មីៗបន្ថែមទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ រួមជាមួយសមាជិក សមាជិកាប្រតិភូ ផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាជាអំណោយរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនលោក ប៊ុន អ៊ុយ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា លោក ប៊ុន អ៊ុយ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។

លោក ប៊ុន អ៊ុយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ ស័កិ្កសមជា អ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិទៅថ្ងៃអនាគត៕