(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន ដែលទើបជាប់ឆ្នោតលោក Rodrigo Duterte បានថ្លែងថា អ្នកសារព័ត៌មានទាំងឡាយ ដែលស៊ីសំណូក ឬចូលរួមក្នុងសកម្មភាពពុករលួយនានា គឺសក្តិសមនឹងស្លាប់បែបនេះហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០១៦។
ការលើកឡើងរបស់ប្រធានាធិបតី ដែលបានអះអាងថានឹងធ្វើកំណែទម្រង់ ព្រមទាំងអនុវត្តន៍ច្បាប់ឲ្យ បានតឹងរឹងបំផុត ដើម្បីស្រោចស្រង់ប្រទេសហ្វីលីពីន ឡើងវិញបានកើតឡើងបន្ទាប់ពីមានការបាញ់ សម្លាប់អ្នកកាសែតហ្វីលីពីនម្នាក់ កាលពីសប្តាហ៍មុន។
លោក Duterte បានថ្លែងដូច្នេះថា «អ្នកកាសែតដែលត្រូវបានគេសម្លាប់បំបិទមាត់នោះ ប្រាកដជាបាន ប្រព្រឹត្តទង្វើអ្វីមួយហើយ។ អ្នកនឹងមិនត្រូវបានគេសម្លាប់នោះទេ ប្រសិនបើមិនបានប្រព្រឹត្តកំហុសអ្វី។ អ្នកកាសែតនៅហ្វីលីពីនភាគច្រើនសុទ្ធតែជាមនុស្សពុករលួយ ហេតុដូច្នេះមិនមែនក្នុងនាមពួកអ្នក ជាអ្នកកាសែតហើយ អាចគេចចេញពីការចាប់ខ្លួន ឬការប្រព្រឹត្តល្មើសច្បាប់នោះទេ»។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកជាដែនដីដ៏គ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាន នៅលើពិភពលោក ដោយចាប់តាំងពីកើតភាពចលាចលក្រោយបញ្ចប់របបដឹកនាំរបស់លោក ប្រធានាធិបតី ម៉ាកូស បីទសវត្សរ៍មកនេះ អ្នកកាសែត ១៧៤នាក់ហើយត្រូវបាន គេសម្លាប់៕