(ភ្នំពេញ)៖ អគារសិក្សាមួយខ្នង​កំពស់៣ជាន់ មាន១៨បន្ទប់​ ទីចាត់ការ១​ខ្នង ទីលានបាលទាត់មួយ​ ផ្លូវបេតុងមួយខ្សែប្រវែង៧៥​ទទឹង៧ម៉ែត្រ​ ប្រពន្ធ័លូ​ រៀបការ៉ូឡា​ និងសមិទ្ធិផលនានាសរុបថវិកាអស់៤២១.៥០០ដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន​ សែន​​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធ នៅក្នុងវិទ្យាល័យឥន្រ្ទទេវី ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០១​ ខែមិថុនា ​ឆ្នាំ២០១៦ ​ក្រោមអធិបតីភាព​នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ចំពោះវិស័យអប់រំដោយបានកសាងសាលារៀន ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអ្នកបន្តវេណដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត​។

នាយឧត្តមសេនីយ៍​ បានថ្លែងកោតសសើរចំពោះមាតាបិតា​ អាណាព្យាបាលសិស្ស​ លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្សទាំងអស់​ ដែលបានរួបរួមគ្នាធ្វើឲ្យវិទ្យាល័យ យើងមានសុវត្ថិភាពគ្មានគ្រឿងញៀន​។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជួយជាថវិកា​ និងសម្ភារកសាងនូវសមិទ្ធិផលនានា នៅក្នុងវិទ្យាល័យ ដោយបានបំពាក់ជាមេដាយស្ថាបនាជាតិថ្នាក់មាស​ និងប្រាក់ជូន​។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានអំពាវនាវចំនួន៤ចំណុចពាក់ពន្ធ័នឹងសុវត្ថិភាពសាធារណ:រួមមាន:
១.ទោះចំណាយក្នុងតំលៃប៉ុន្មានក៏ដោយគឺត្រូវរក្សា ឲ្យបាននូវសន្តិភាព​សាធារណ​ និងការអភិវឌ្ឍ
២.សូមឲ្យប្រជាលរដ្ឋ​ និងយុវជនត្រូវគោរពច្បាប់ចរាចរ​ណ៍ ​បើកបរដោយការអធ្យាស្រ័យដើម្បីសុវត្ថិភាព
៣.ពង្រឹងការងារបំរើសេវាសាធារណជូនប្រជាពលរដ្ឋ មានការផ្តល់អត្តសញ្ញាណបណ្ណ័ជូនប្រជាពលរដ្ឋ​ និងឯកសារអត្រានុកូលដ្ឋាន
៤.ឱពុកម្តាយ​ អាណាព្យាបាល​ លោកគ្រូអ្នកគ្រូ​ យុវជនកាយរិទ្ធ​ កាកបាទក្រហមទាំងអស់ត្រូវបន្តអប់រំ​ បង្ការទប់ស្កាត់​ពីបញ្ហាគ្រឿងញៀន ​ធ្វើយ៉ាងណាអោយវិទ្យាល័យ​ មានសុវត្ថិភាព​គ្មានគ្រឿងញៀន។

នាឱកាសនោះ នាយឧត្តមសេនីយ៍ បានពាំនាំនូវអំណោយមួយចំនួន ដើម្បីចែកជូនដល់

១-គ្រួសារសិស្សដែលមានជីវភាពក្រលំបាកចំនួន១០៥គ្រួសារ ​ដែលក្នុង១គ្រួសារ បានទទួលអំណោយមាន៖
អង្ករ២៥គីឡូក្រាម​ មី​០១កេស​ នំធុង​០១ធុង​ ទឹកសីុអីុវ១យួរ​ ទឹកត្រី១យួរ​ សាក់កាដូ​០១​ ប៊ិច​០២ដើម​សៀវភៅ​ ១០ក្បាល​ និងថវិកា​៥០០០០រៀល។

២-លោកគ្រូ​ អ្នកគ្រូ​ចំនួន២៤៥នាក់​ ក្នុងម្នាក់ៗ ទទួលបាន​ សារ៉ុង០១​ និងថវិកា២០០០០រៀល។

៣-ក្រុមកាយរិទ្ធចំនួន១៥០នាក់​ ក្នុងម្នាក់ៗទទួលបានមួកសុវត្ថិភាព​០១​ និងថវិកា១០០០០រៀល

៤-យុវជនកាកបាទក្រហម​ចំនួន១០០នាក់​ ក្នុងម្នាក់ៗទទួលបានមួកសុវត្ថិភាព​០១​ និថវិកា១០០០០រៀល

៥-សិស្សានុសិស្សចូលរួមចំនួន៨៥០នាក់​ ក្នុងម្នាក់ៗទទួលបាន​សៀវភៅ០២ក្បាល​ ប៊ិច០១ដើម​ មួកសុវត្ថិភាព០១​ និងថវិកា៥០០០រៀល។

៦-សិស្សពូកែចំនួន០៤នាក់​ក្នុងម្នាក់ៗទទួលបានថវិកា៤០០០០រៀល

៧-ប្រជាពលរដ្ឋចូលរួម៤០០នាក់​ ក្នុងម្នាក់ៗ​ទទួលបានសារ៉ុង០១​ និងថវិកា១០០០០រៀល

៨-ក្រុមភ្លេងកាកបាទ​ ថវិកា៥០០.០០០រៀល និង៩-វិទ្យាល័យឥន្រ្ទទេវី​ ថវិកា​១.០០០.០០០រៀល៕