(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ការអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះដែរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់សមាជិករបស់ YEAC ដែលជាសមាគមសហគ្រិនវ័យក្មេងឱ្យមានលទ្ធភាព សមស្របដើម្បីរៀបចំខ្លួនក្នុងការចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច។
ក្រៅពីនេះក៏មានគោលបំណងដើម្បីអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច ព្រមទាំងការលើកទឹកចិត្ត និងជំរុញសហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។
គោលបំណងសំខាន់មួយទៀត គឺដើម្បីពង្រឹង និងអភិវឌ្ឍសហគ្រិនវ័យក្មេងនៅកម្ពុជា តាមរយៈការជួយដល់សមាជិករបស់ខ្លួនឱ្យទទួលបានការយល់ដឹងបន្ថែមអំពីការអភិវឌ្ឍថ្មីៗនៃវិស័យហិរញ្ញវត្ថុ បង្កើននូវជម្រើសវិនិយោគតាមរយៈប្រភពនានា ពង្រឹងការគ្រប់គ្រង ការរៀបចំ និងការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងបរធនបាលកិច្ច ព្រមទាំងមានបំណងចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ដោយផ្អែកតាមប្រព័ន្ធទីផ្សារ។
ពិធីចុះអនុស្សរណៈនានេះ មានការចូលរួមពីតំណាងនៃនិយ័តករក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ប្រធាន/នាយកប្រតិបត្តិ ថ្នាក់ដឹកនាំ ក្រុមហ៊ុនដែលជាសមាជិក-សមាជិកាសមាគមសហគ្រិនវ័យក្មេង ក្រុមហ៊ុនបរធនបាល និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចផងដែរ។ កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយ ផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល៕