(ភ្នំពេញ)៖ ក្រោមជំនួយរបស់ សមាគមបង្គន់អនាម័យពិភពលោក ខេត្តបាត់ដំបង កាលពីម្សិលមិញនេះ បានដាក់ឱ្យប្រើប្រាស់បន្គន់អនាម័យ នៅតាមទីសាធាំរណៈមួយចំនួន ដើម្បីសម្រួលដល់ ប្រជាពលរដ្ឋក៏ដូចជាបង្កើនសោភ័ណភាពទីក្រុង។
ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បង្គន់សាធារណៈ បានចាប់ផ្តើមឡើងដំបូង នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ទីក្រុងបាត់ដំបង ក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក Tae-young YEOM អភិបាលក្រុង Suwon នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគមបង្គន់អនាម័យ ពិភពលោកផងដែរ។
លោក ច័ន្ទ សុផល បានធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណគុណដល់ លោក Tae-young YEOM អភិបាលក្រុង Suwon នៃសាធារណៈរដ្ឋកូរ៉េ និងជាប្រធានសមាគមបង្គន់អនាម័យពិភពលោក ដែលបានផ្តល់ជំនួយឧបត្តម្ភក្នុងការកសាងបង្គន់អនាម័យសាធារណៈក្នុងក្រុងបាត់ដំបង នាពេលនេះ។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា នេះជាលើកទី១ ដែលក្រុងបាត់ដំបងមានបង្គន់អនាម័យសាធារណៈប្រើប្រាស់ និងបានស្នើសុំដល់ ប្រធានសមាគមបន្តផ្តល់ជំនួយឧបត្ថម្ភបង្គន់អនាម័យ សាធារណៈបន្ថែមទៀត។
លោក Tae-young YEOM បានថ្លែងអំណគុណក្រុងបាត់ដំបង ដែលបានយកចិត្តទុក្ខផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការកសាងបង្គន់អនាម័យសាធារណៈ និងបានសហការយ៉ាងជិតស្និទ្ធ ផ្តល់ទីតាំង និងមូលនិធិបដិភាគសំរាប់ធ្វើការសាងសង់បង្គន់អនាម័យសាធារណៈ រហូតឈានដល់រៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ នាឱកាសដ៏មហោឡារិកក្នុងពេលនេះ។
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ បានកោតសរសើរដល់រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ លោក ច័ន្ទ សុផល អភិបាលខេត្តដែលតែងតែបានយកអស់ កំលាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យទេសចរណ៍ និងបានប្រែក្លាយខេត្តបាត់ដំបងជាគោលដៅទាក់ទាញទេសចរ និងវិនិយោគិនបរទេសមកទស្សនា និងធ្វើធុរៈកិច្ច។
ដោយសារមានកិច្ចសហប្រតិបត្តិការល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈកូរ៉េ សមាគមន៍ បង្គន់អនាម័យពិភពលោកតាមរយៈរដ្ឋបាលសាលាក្រុង Suwon បានផ្តល់បង្គន់អនាម័យចំនួន៣ខេត្ត រួចមកហើយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
លោក Tae-young YEOM ក៏បានស្នើសុំឲ្យប្រតិបត្តិករទេសចរណ៍ភាសាកូរ៉េ និងទេសចរកូរ៉េឲ្យប្រើប្រាស់សេវាកម្ម នៅកន្លែងបង្គន់អនាម័យសាធារណៈ ដើម្បីទ្រទ្រង់ដល់និរន្តភាពបង្គន់អនាម័យ។
លើសពីនេះទៅទៀត លោកក៏បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តី ថោង ខុន ដែលបានលើកឡើងថា៖ «យើងមិនគួរឲ្យមានអ្នកណាម្នាក់ទទួលរងគ្រោះបាត់បង់អាយុជីវិត ដោយសារជម្ងឺឆ្លងដ៏កាចសាហាវ ដែលបណ្តាលមកពីមិនមាន បង្គន់អនាម័យសម្រាប់ប្រើប្រាស់ និងកង្វះអនាម័យក្នុងការរស់នៅ ដោយយើងទាំងអស់គ្នាគួរថែរក្សាបង្គន់អនាម័យឲ្យបានស្អាត ជាប្រចាំ និងស្នើឲ្យមានបង្គន់អនាម័យប្រើប្រាស់នៅតាមក្រុមគ្រួសារ ដើម្បីបង្ការទប់ស្កាត់នូវជម្ងឺឆ្លងដ៏កាចសាហាវនេះ»។