(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ បាននាំយកមួកសុវត្ថិភាព ចែកជូនដល់គរុសិស្ស នៅសាលាគរុកោសល្យ ចំនួន២២៣មួក។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងថា មួកសុវត្ថិភាពទាំងនេះ គឺជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ គោលបំណងដើម្បីចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតឡើងនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។
នៅចំពោះគរុសិស្សទាំងអស់ លោកស្នងការក្រៅពីការលើកឡើងនូវភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកបានណែនាំ ទៅកាន់គរុសិស្សទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា។
ជាមួយគ្នានេះលោកស្នងការ បានប្រាប់ទៅគរុសិស្សថា បើសិនមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឫអត្តសញ្ញាណប័ណ្ណត្រូវខូចខាតនោះ ត្រូវនាំគ្នាទៅធ្វើបានគ្រប់ៗគ្នា ដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។
លោកស្នងការក៏បានអំពាវនាវឲ្យគរុសិស្សទាំងនេះ ត្រូវរាយការណ៍ពីបទល្មើសនានា តាមមូលដ្ឋាន ដល់សមត្ថកិច្ចរបស់លោក ដើម្បីចុះទៅទប់ស្កាត់ និងបង្ក្រាប រក្សាសន្តិសុខ ជូនពលរដ្ឋ កាន់តែល្អប្រសើរឡើង៕