(ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន (NPMEC) ក្នុងភូមិសាស្រ្ត ឃុំទ្រៀក និងឃុំជាំក្រវៀន ស្រុកមេមត់។
មានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនទាំងអស់ ឧត្តមសេនីយ៍ទោ សែម រតនា បាននាំនូវការផ្តាំផ្ញើរសួរសុខទុក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់, ទេសរដ្ឋមន្រ្តី លី ធុជ និងនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ជូនចំពោះកងកម្លាំងបោសសម្អាតមីនទាំងអស់ដែលកំពុងបំពេញបេសកកម្មការងារ សម្រាប់សកម្មភាពបោសសម្អាតមីននេះ ដើម្បីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី៣ គ្មានគ្រាប់មីន ក្នុងគម្រោងសម្តេចតេជា សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ខណៈខេត្តកែប ជាខេត្តទី១ដែលគ្មានមីន និងទី២ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ទោ បានថ្លែងអំណរអរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ដែលបានសហការយ៉ាងល្អ សម្រួលដល់ការបោសសម្អាតមីន នៅក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាគម្រោងរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីននៅកម្ពុជា ដែលអាជ្ញាធរមីនកម្ពុជា បានផ្តល់ឱ្យ និងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលនេះជាប្រវត្តិសាស្ត្រមួយ ដែលមិនអាចបំភ្លេចបានឡើយ។
ឧត្តមសេនីយ៍ទោ សែម រតនា ក៏បានសម្តែងនូវការកោតសរសើរចំពោះប្រតិបត្តិករបោសសំអាតមីនទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការសម្រេចការងារកន្លងមក ទោះបីជាត្រូវនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធ កូនក្តី ធ្វើការក្រោមកំដៅថ្ងៃ ភ្លៀង ខ្យល់ក្ដី ក៏ប្រតិបត្តិករយើងនៅតែបង្ហាញភាពក្លាហាន កម្លាំងមាំមួន មិនត្អូញត្អែរ មិនរុញរានឹងកិច្ចការដែលថ្នាក់លើបានដាក់អោយនោះឡើយ។
សកម្មភាពនេះ ត្រូវបានឧត្តមសេនីយ៍ទោ សែម រតនា អះអាងថា នេះបញ្ជាក់ឱ្យឃើញពី គំរូវីរៈភាពល្អ ស័ក្តិសមជាយុទ្ធជនឆ្នើមនៃកងយោធពលខេមរភូមិន្ទជាក់ស្តែងសម្រាប់កិច្ចការបោសសំអាតមីន នៅស្រុកមេមត់នេះ យើងទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីគាប់ចិត្ត និងត្រូវតែបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ មានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាទីបំផុត ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ ជៀសឱ្យផុតពីគ្រោះថ្នាក់ ឬភាពមិនប្រក្រតីផ្សេងៗដែលអាចនឹងកើតមានឡើងជាយថាហេតុ និងសូមកុំធ្វេសប្រហែស គ្រប់វិនាទី ដែលអាចបង្កឱ្យមានវិប្បដិសេរីបាន។
នារសៀលថ្ងៃលដដែល ឧត្តមសេនីយ៍ទោ ព្រមទាំងក្រុមការងារបានបន្តនាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឈ វត្តនាគវន្តជាំក្រវៀន និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកតា លោកយាយប្រមាណ៤០០នាក់ ក្នុងបរិវេណវត្តនាគវន្តជាំក្រវៀន ស្ថិតនៅភូមិជាំក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានផ្តល់ជូននៅសារ៉ុង និងថវិកាមួយចំនួនផងដែរ៕