(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ថ្មីប្រចាំតំបន់ កម្ពុជា-ថៃ-ឡាវ-វៀតណាម លោក ជួន ប៉េដ្រូ ស្សាអេរើ (Juan Pedro Schaerer) បានថ្លែងកោតសរសើរកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញការងារមនុស្សធម៌សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត បានយ៉ាងជោគជ័យបំផុត ជាពិសេសទៅលើការងារសុវត្ថិភាពសហគមន៍ ការងារស្ដារទំនាក់ទំនងគ្រួសារ ការផ្ដល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ និងការងារអប់រំផ្សព្វផ្សាយអំពីមីនជាដើម។
ការថ្លែងដូច្នេះរបស់លោក Juan Pedro Schaerer ក្នុងឱកាសទទួលជួបសវនការ និងពិភាក្សាការងារជាមួយលោកយូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។
លោក Juan Pedro Schaerer បានថ្លែងបន្ដថា លោកពិតជាត្រេតអរ និងកោតសរសើរយ៉ាងខ្លាំងចំពោះកាកបាទក្រហមកម្ពុជា បានរៀបចំដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ និងទិសដៅអាទិភាព បានយ៉ាងច្បាស់លាស់ ដែលជាមាគ៌ាមួយនៃដំណើរដ៏ត្រឹមត្រូវសម្រាប់បំពេញបេសកកម្មមនុស្សធម៌ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណដល់សម្ដចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានដឹកនាំ និងអនុញ្ញាតឱ្យសហការីកាកបាទក្រហមកម្ពុជា និងមន្ដ្រីអាយ.ស៊ី.អរ.ស៊ី ទំាំងអស់ បានបំពេញការងារក្នុងវិស័យអាទិភាពចំនួន៥ ដែលប្រកបដោយជោគជ័យខ្ពស់ ជាពិសេសកោតសរសើរខ្ពស់ទៅលើការងារសុវត្ថិភាពសហគមន៍ ការងារស្ដារទំនាក់ទំនងគ្រួសារ ការផ្ដលប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ និងការងារអប់រំពីមីនជាដើម។
សូមជម្រាបថា ការងារអាទិភាពចំនួន៥ របស់កាកបាទក្រហមកម្ពុជារួមមាន៖
១៖ ការងារស្តារទំនាក់ទំនងគ្រួសារ
២៖ ការការពារបដិរូប លើកកម្ពស់គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ
៣៖ សុវត្ថិភាពសហគមន៍ និងពិការភាព,
៤៖ បន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខណ្ឌបំពេញការងារប្រកបដោយសុវត្ថិភាព
និង៥៖ ការងារផ្សព្វផ្សាយពីជំងឺកូវីដ-១៩៕