(ហូជីមិញ)៖ នៅពេលដែលទំនិញថៃកំពុងតែចរាចរណ៍យ៉ាងសម្បើម នៅក្នុងផ្សារទំនើបនានានៃប្រទេស វៀតណាមនោះ អ្នកទិញក៏កាន់តែមានជម្រើសច្រើនផងដែរ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺ ធ្លាក់ទៅលើផលិតករក្នុងស្រុក និង អ្នកគ្រប់គ្រងលើរឿងនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃអង្គារទី៣១ ខែឧសភា ឆ្នាំ២០១៦។
រហូតដល់ពេលនេះ ក្រុមហ៊ុនថៃធំៗជាច្រើនបាន បើកផ្សារទំនើបនៅប្រទេសវៀតណាម ដូចជា Big C, Maga Market ឬ Metor, Robins, B's Mart និង Nguyen Kim ដែលជាឱកាសល្អបំផុតក្នុងការ នាំចូលទំនិញថៃ មកលក់នៅក្នុងប្រទេសវៀតណាម។ បច្ចុប្បន្ននេះ ក្រុមហ៊ុនវៀតណាមមួយ បានគ្រោងចំណាយលុយ ១ពាន់លានដុល្លារអាមេរិកដើម្បីទិញផ្សារ Big C ពីម្ចាស់កម្មសិទ្ធិថៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នទំនិញដែលលក់នៅផ្សារទំនើបវៀតណាមទូទាំងប្រទេស ប្រមាណ ៨០ភាគរយ ជាផលិតផលក្នុងស្រុក ប៉ុន្តែផ្នែកគ្រប់គ្រងផ្សារទំនើបកំពុងមានការព្រួយបារម្ភថា ចំនួននេះនឹងធ្លាក់ចុះ ដោយសារតែវៀតណាម អនុវត្តន៍សេដ្ឋកិច្ចទីផ្សារសេរី ហើយទំនិញបរទេសដែលមានគុណភាពល្អ និងតម្លៃសមរម្យ កំពុងតែហូរចូលដូចទឹកបាក់ទំនប់៕