(សៀមរាប)៖ សិប្បកម្មកំប្លោកភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានត្អូញត្អែរពីការបាត់ចំណូល ដោយសារមិនសូវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទិញដូចមុនៗ។
លោកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ថា លោកស្រីបើកសិប្បកម្មនេះ តាំងពីឆ្នាំ២០០៨ មកហើយ ដោយច្នៃកំប្លោក ធ្វើជាវត្ថុអនុស្សាវរីយ៍ ទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាហូរហែរ។ ដោយពីមុនផលិផលកន្រកអាចនាំចេញក្នុងមួយឆ្នាំយ៉ាងតិច២កន្ត្រ ទៅទីផ្សារបរទេស និងមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោមរូបនេះចង់ទីផ្សារវត្ថុអនុស្សាវរីយ៍ កំប្លោកឱ្យបានទូលំទូលាយជាងនេះទៀត ដើម្បីជួយដល់ប្រជាកសិករដែលកាត់កំប្លោកយកមកលក់ឱ្យអ្នកស្រី ព្រមទាំងជួយដល់បករជាពលរដ្ឋមួយចំនួមទៀត ដែលជាបុគ្គលិកធ្វើសម្ភារវត្ថុអនុស្សាវរីយ៍ នៅនឹងផ្ទះអ្នកស្រីផងដែរ។
ដោយឡែកងាកមកបច្ចុប្បន្ននេះ លោកស្រី សូ សម្បត្តិ មិនមានទីផ្សារលក់ច្បាស់នោះឡើយ ដោយគ្រាន់តែលក់នៅនឹងផ្ទះតែប៉ុណ្ណោះ ហើយក៏មិនមានអតិថិជនមកទិញដូចមុនៗដែរ។ ចំណែកបុគ្គលិកអ្នកស្រីជិត៣០នាក់ បានឱ្យឈប់សម្រាកមួយរយៈសិន នៅពេលមានអតិថិជនកម្មង់ច្រើននឹងហៅពួកគាត់ឱ្យមកធ្វើការវិញ។ បច្ចុប្បន្ននេះ កំប្លោកក៏ពិបាករកទៀត ដោយបឹងមួយចំនួនត្រូវបានលុប ប្រសិនបើទិញកំប្លោកស្ងួតក្នុងមួយគីឡូ ៥,០០០រៀល។
រៀបរាប់ក្នុងទឹកមុខក្រៀមក្រំលោកស្រី បានលើកឡើងថាទើបតែមានទីផ្សារល្អក្នុងរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ក៏ជំងឺកូវីដ១៩ បានផ្ទុះក្នុងខេត្តសៀមរាប រំពេជន៍នោះធ្វើឱ្យទីផ្សារសិប្បកម្មកំប្លោកធ្លាក់ចុះជាខ្លាំង ដោយតំបន់ទេសចរណ៍មួយចំនួន និងសណ្ឋាគារមួយចំនួន បានបិទទ្វារមួយរយៈផងដែរ។
គួររម្លឹកផងដែរ កាលពីដើមអ្នកស្រីធ្វើសិប្បកម្មកំប្លោក គឺមិនមានការគាំទ្រពីក្រុមគ្រួសារនោះឡើយ ដោយកិច្ចការមួយចំនួន អ្នកស្រីបានធ្វើខ្លួនឯង តួយ៉ាងដូចជា៖ ទូរដាក់លក់សម្ភារអនុស្សាវរីយ៍ របស់របរផ្សេងៗទៀតជាដើម ក៏ធ្វើដោយខ្លួនឯងដែរ។ បន្ទាប់ពីឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសមានថ្នាក់ដឹកនាំមួយចំនួនការគាំទ្រច្រើន ទើបគាត់ជួយកិច្ចការមួយចំនួន ដែលទាកទងនឹងធ្វើកំប្លោក។
ជាមួយនេះដែរ អ្នកស្រីក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួយគាំទ្រផលិតផលខ្មែរ ដើម្បីឱ្យពួកគាត់មានការងារធ្វើ និងមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារផងដែរ៕