(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt និង ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងអញ្ជើញជាអធិបតីយក្នុងពិធីកត់សម្គាល់រយៈពេល៥ឆ្នាំ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future) នៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ស្អែកនេះ នៅសណ្ឋារគារ Intercontinental Hotel រាជធានីភ្នំពេញ ។
ពិធីនេះគឺជាការចាប់ផ្តើមនៃសន្និសីទរយៈពេល២ថ្ងៃ ដើម្បីពិនិត្យមើលលើសមិទ្ធិផល ដ៏គួរឱ្យកត់សំគាល់ក្នុងវិស័យកសិកម្ម អាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រ ដែលបានអនុវត្តអស់រយៈពេល ៥ឆ្នាំមកនេះ តាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតដែលអនុវត្ត ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា។
សន្និសីទនេះនឹងមានការចូលរួមរបស់កសិករ អ្នកបង្កើតគោលនយោបាយ ម្ចាស់ជំនួយ មន្ត្រីរាជរដ្ឋាភិបាលក្រុមហ៊ុនឯកជន និងសមាជិកនៃអង្គការសង្គមស៊ីវិល។
រដ្ឋាភិបាលអាមេរិកបានបង្កើតកម្មវិធីសន្តិសុខស្បៀង សម្រាប់អនាគតនេះនៅកម្ពុជា នៅឆ្នាំ២០១០ ក្នុងខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប (ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងសៀមរាប) ដើម្បីកាត់បន្ថយភាពអត់ឃ្លាន និងភាពក្រីក្រ ដោយទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាសមធម៌យេនឌ័រ បរិស្ថាន និងបញ្ហានៃការប្រែប្រួលអាកាសធាតុ។
កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតស្របតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនផលិតផលកសិកម្ម និងបង្កើនសន្តិសុខស្បៀង។ រយៈពេល៥ឆ្នាំកន្លងទៅនេះ កម្មវិធីសន្តិសុខស្បៀងសំរាប់អនាគត បានផ្តល់ថវិការជាង៥៥ លានដុល្លាអាមេរិក ដើម្បីជួយកសិករកម្ពុជា ក្នុងការបង្កើនទិន្នផលកសិកម្ម និងប្រាក់ចំណូលព្រមទាំងជួយពួកគេ អោយមានលទ្ធភាពផ្គត់ផ្គង់អាហារបំប៉នសុខភាព ដល់គ្រួសាររបស់ពួកគេ និងកាត់បន្ថយកង្វះអាហារូបត្ថម្ភ។
លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt និងឧបនាយករដ្ឋមន្ត្រី បណ្ឌិត យឹម ឆៃលីនឹងទស្សនាស្តង់តាំងពិព័រណ៌ បន្ទាប់ពីថ្លែងសន្ទរកថាបើករួច ហើយនឹងធ្វើសេចក្តីថ្លែងខ្លីមួយ ព្រមទាំងឆ្លើយសំណួរផ្សេងៗ របស់អ្នកសារព័ត៌មាន៕