(ភ្នំពេញ)៖ សាលាឯកជនមួយចំនួននៅរាជធានីភ្នំពេញ បានប្តេជ្ញាមិនឲ្យសិស្សរបស់ខ្លួន ប្រើទូរសព្ទដើម្បីលេង Game, លេងកម្មវិធី TikTok និងមើលរឿងអាសអាភាស ក្នុងថ្នាក់រៀន ដែលខុសពីគោលដៅសិក្សានោះឡើយ។
ថ្មីៗនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងមិនហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូឡើយ ពីព្រោះក្នុងបរិបទវិបត្តិកូវីដ១៩ ការប្រើប្រាស់ឧបករណ៍ទំនើបទាំងនេះគឺជាជំនួយដ៏សំខាន់ក្នុងការសិក្សាពីចម្ងាយរបស់សិស្ស។
ក៏ប៉ុន្តែប្រសិនបើសិស្សានុសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងរឿងមិនគប្បី ប្រាសចាកវិន័យក្នុងសាលា ប៉ះពាល់ដល់ការសិក្សា និងសេចក្ដីថ្លៃថ្នូក្នុងសង្គម ដូចជាការលេងហ្គេម មើលរឿងអាសអាភាស ថតវីដេអូឬរូបភាពមិនគប្បីនានា ឬប្រើប្រាស់បណ្ដាញសង្គមច្រើនពេលរំខាន់ដល់ការសិក្សា នោះក្រុមប្រឹក្សាវិន័យតាមសាលានីមួយៗអាចដាក់ការពិន័យទៅតាមកម្រិតនៃកំហុស ឬក៏ផ្ដល់ការអប់រំឱ្យកែប្រែកំហុសឡើងវិញជាដើម។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា ភាគច្រើនសិស្សនៅខ្មែរ មានការប្រើប្រាស់ទូរសព្ទច្រើន ហើយសម័យនេះ អ៉ីនធើណិត (Internet) ឬវ៉ាយហ្វាយ (Wi-fi) ក៏សម្បូរ ខណៈទូរសព្ទសម័យឥឡូវសុទ្ធតែទូរសព្ទទំនើប ដែលអាចមើលរូបភាព ឬវីដេអូបានយ៉ាងងាយស្រួល។ ប្រការនេះ ធ្វើឲ្យមានភាពងាយស្រួលចំពោះក្មេង ក្នុងការប្រើប្រាស់ ទាញយក (Download) ឬមើលរឿងដែលមិនគប្បី និងមិនសមរម្យចំពោះវ័យរបស់ពួកគាត់។
ទោះជាយ៉ាងនេះក្តី សាលារៀន អន្តរទ្វីប អាមេរិកាំង របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គ្រប់គ្រងបានល្អមិនឲ្យសិស្ស និងបុគ្គលិក ប្រើប្រាស់ទូរសព្ទ ខុសពីគោលដៅរៀន និងបង្រៀនឡើយ។
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់ថា «សាលាខ្ញុំបានអនុវត្តតាំងពីឆ្នាំ២០០៦ ហាមមិនឲ្យប្រើទូរសព្ទ ដោយសារតែជំនាន់ហ្នឹង កូនអ្នកមានច្រើន ហើយប្រើទូរសព្ទរំខានដល់ការរៀនសូត្រ។ អញ្ចឹង ខាងខ្ញុំក៏ចេញច្បាប់ ហាមមិនឲ្យប្រើទូរសព្ទក្នុងថ្នាក់ សូម្បីតែទូរសព្ទរោទិ៍ក្នុងថ្នាក់ក៏មិនឲ្យមានដែរ និងមិនឲ្យលើកទូរសព្ទនៅក្នុងថ្នាក់ទៀត។ បើសិនជាមាន ខាងខ្ញុំដកទុក១ខែ បានឲ្យយកទៅវិញ»។
នៅក្នុងស្ថាប័នរបស់របស់អ្នកឧកញ៉ា គួច ម៉េងលី មានកម្មវិធីចាប់គេហទំព័រអាសអាភាស ដែលជួយឲ្យពេលសិស្ស និងបុគ្គលិកភ្ជាប់ទៅគេហទំព័រនោះ ក៏មិនអាចបើកបានដែរ ហើយមានប្រសិទ្ធភាព ១០០%។ លោកអះអាងថា សូម្បីតែការបើកលេងហ្គេម ក៏មិនអាចបានដែរ លើកលែងតែមានការអនុញ្ញាតឲ្យប្រើប្រាស់ហ្គេមអប់រំប៉ុណ្ណោះ។
លោកបានអះអាង ពីវិធានការរឹតបន្តឹងវិន័យសិស្សថា «ជារឿយៗ យើងតែងតែចាប់បានដោយចៃដន្យ ក្មេងយកទូរសព្ទមក ភ្លេចបិទសម្លេង អញ្ចឹងយើងឃាត់ទុកទូរសព្ទ១ខែ។ សាលាតែងតែធ្វើការត្រួតពិនិត្យ ដោយមិនឲ្យដឹងជាមុន ទាំងការរកគ្រឿងញៀន និងអាវុធ។ បើឃើញលើទី១ សាលាអញ្ជើញម៉ែឪមកណែនាំ ហើយបើឃើញលើកទី២ និងបញ្ឈប់មិនឲ្យបន្ត ប៉ុន្តែ បើត្រួតពិនិត្យឃើញមានគ្រឿងញៀន និងអាវុធ ត្រូវបញ្ឈប់ភ្លាមៗតែម្តង»។
កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ក្រសួងអប់រំបានចេញរួចមកហើយនូវសេចក្ដីប្រកាស ស្ដីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ដែលមានគោលបំណងរៀបចំគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈទាំងឡាយឱ្យមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ វិន័យ និងសីលធម៌ល្អ ក្នុងគោលដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំ។
ប្រកាសនេះបានចែងដល់ការគោរពវិន័យ និងការរក្សាសីលធម៌ ដែលតម្រូវឱ្យសិស្សានុសិស្សទាំងអស់រក្សាវិន័យ សីលធម៌ និងមិនគប្បីធ្វើអំពើដែលប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គ្រឹះស្ថានសិក្សា និងប្រទេសជាតិ ដូចជាការប្រើប្រាស់ទូរស័ព្ទដែលប្រាសចាកពីការរៀននិងបង្រៀន ឬលេងហ្គេមក្នុងទូរស័ព្ទដៃក្នុងពេលកំពុងរៀនជាដើម។ ប្រកាសនេះ ក៏បានចែងផងដែរថា សិស្សានុសិស្សមិនត្រូវមើលភាពយន្ត សៀវភៅរឿង ទស្សនាវដ្តី រូបភាពអាសអាភាស និងប្រព្រឹត្តអំពើអាសអាភាស អំពើដែលនាំឱ្យមានគ្រោះថ្នាក់ ឬអំពើដែលនាំបាត់បង់សណ្ដាប់ធ្នាប់នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។
លោក រស់ សុវាចា បានសង្កត់ធ្ងន់ថា «ចំពោះសិស្សដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវដាក់ឱ្យក្រុមប្រឹក្សាវិន័យពិនិត្យនិងសម្រេចទៅតាមកម្រិតនៃកំហុស ក្រោមរូបភាពណែនាំ ស្ដីបន្ទោស ដោយចុះក្នុងសៀវភៅសិក្ខាគារិក ព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកការសិក្សាបណ្ដោះអាសន្ន លុបឈ្មោះចេញពីបញ្ជីសិក្សា ឬបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច»។
ការចេញមកបញ្ជាក់បន្ថែមជាថ្មីនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ធ្វើឡើងបន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពាក់ព័ន្ធនឹងករណីសិស្សនៅវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានគ្រូវិន័យដកទូរស័ព្ទដៃផ្ទាល់ខ្លួន និងហៅទៅសួរនាំម្ដងម្នាក់ៗ ដោយសារពួកគេខ្លះក្នុងចំណោមនោះវក់នឹងការលេងហ្គេមក្នុងថ្នាក់ មើលរឿងអាសអាភាសក្នុងថ្នាក់ ប្រើប្រាស់ទូរស័ព្ទទាក់ទងស្នេហាគ្នា និងលេង TikTok ក្នុងថ្នាក់ ជាហេតុប៉ះពាល់ដល់ការសិក្សា បាត់បង់វិន័យ ស្រុតចុះសេចក្ដីថ្លៃថ្នូរជាដើម។
សាលារៀនវ៉េស្ទឡាញន៍ ក៏តែងតែត្រួតពិនិត្យជាប្រចាំដែរ ចំពោះភាពមិនប្រក្រតីនៅក្នុងថ្នាក់រៀន ទាំងការមើលទូរសព្ទ និងកុំព្យូទ័រ ព្រោះខ្លាចសិស្សធ្វើអ្វីប្រាសចាកពីការណែនាំរបស់ក្រសួងអប់រំ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានគាំទ្រក្រសួងអប់រំ ដែលចេញដាស់តឿនជាថ្មី ហាមមិនឲ្យសិស្សប្រើទូរសព្ទលេង Game, Tik Tok និងមើលរឿងអាសអាភាស ក្នុងថ្នាក់រៀន។
លោកឧកញ៉ា បានថ្លែងថា «យើងមិនហាមទាំងស្រុង ក្នុងការប្រើទូរសព្ទទេ ដោយសារតែបណ្តាញឥឡូវ សម័យឌីជីថល ជាពិសេស សាលារៀនវ៉េស្ទឡាញន៍ របស់យើង យើងមានអេប (App) សម្រាប់ប្រើ។ អេបរបស់យើង ត្រូវប្រើតាមរយៈទូរសព្ទដៃ និងកុំព្យូទ័រ ដែលគាត់អាចរៀនសូត្រតាមរយៈឧបករណ៍ទាំងនេះបាន។ ពេលខ្លះយើងមាន Education Game (ល្បែងសិក្សា) ដែលត្រូវប្រើទូរសព្ទក្នុងថ្នាក់។ អញ្ចឹង វេសស្លាញ អេឌ្យូខេសិន គ្រុប យើងបែងចែកថា អ្វីគួរធ្វើអ្វីមិនគួរធ្វើ។ Digital Device យើងយកមកប្រើប្រាស់ជាប្រយោជន៍ សូម្បីតែទិកតុក ក៏ដោយ ក៏ជាទម្រង់ដែលសិស្សត្រូវប្រើវាជាប្រយោជន៍។ វាមិនមែនជាអ្វីមួយ ដែលយើងហាមគាត់ឲ្យចេះដឹង និងប្រើប្រាស់នោះទេ គ្រាន់តែថា ការប្រើប្រាស់អ៉ីនធើណិត និងឧបករណ៍ទាំងអស់ហ្នឹង ជាប្រយោជន៍ដល់ការសិក្សាគាត់»។
បើតាមឧកញ៉ា ប៉ិច បូឡែន គេមិនអាចទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឌីជីថលទេសម្រាប់សិក្សាទេ គឺមានតែឲ្យសិស្សប្រើប្រាស់ តែត្រូវអប់រំពួកគាត់ និងតាមត្រួតពិនិត្យពួកគាត់ ឲ្យប្រើប្រាស់ឧបករណ៍ទាំងអស់នោះ ជាប្រយោជន៍ដល់ការសិក្សា និងការអភិវឌ្ឍខ្លួន។
លោក នួន ភក្តី អគ្គនាយករង នៃសាលារៀន អាស៊ាន ហ៊ែរីថេជ បានថ្លែងថា នៅសាលារបស់លោក ក៏បានអនុវត្តតាមក្រសួងអប់រំយ៉ាងខ្ជាប់ខ្ជួន ហើយពេលក្រសួងដាស់តឿនជាថ្មីនេះ មានតែសាលាខិតខំរឹតបន្តឹងបន្ថែម។ លោកថា សាលាទើបតែបន្ថូររឿងប្រើប្រាស់ទូរសព្ទ ដោយសារតែបរិបទកូវីដ១៩ ដែលតម្រូវឲ្យសិស្សប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយក្នុងការសិក្សា។
លោកអះអាងថា «ច្បាប់នៅបង មានអស់ហើយរឿងលេងទូរសព្ទ ដោយសារតែបរិបទកូវីដ ទើបអនុញ្ញាតឲ្យវិញ។ រឿងទូរសព្ទនេះ ធ្លាប់ដកច្រើនណាស់។ យើងមានច្បាប់ហើយ អញ្ចឹងដល់ពេលក្រសួងអះអាងបន្ថែម យើងមានតែប្រឹងអនុវត្តបន្ថែមដែរ»។
បើតាមលោក នួន ភក្តី បន្ថែមថា ពេលសិស្សសាលារៀន អាស៊ាន ហ៊ែរីថេជ ចូលក្នុងបរិវេនសាលា គឺសាលាដកហូតទូរសព្ទទុកនៅកន្លែងគ្រូវិន័យ។
សូមជម្រាបថា បើតាមក្រសួងអប់រំ គឺក្រសួងមិនបានហាមប្រាមការប្រើប្រាស់ទូរស័ព្ទដៃ ឬបច្ចេកវិទ្យាដែលគាំទ្រដល់ការរៀននិងបង្រៀននោះទេ ជាពិសេសក្នុងបរិបទកូវីដ១៩ ដែលការរៀននិងបង្រៀនត្រូវបន្តការអនុវត្តតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ការអប់រំឌីជីថល មានតួនាទីរឹតតែសំខាន់ ដូច្នេះសិស្សានុសិស្សត្រូវចេះទាញផលប្រយោជន៍វិជ្ជមាន ពីការប្រើប្រាស់ទូរស័ព្ទដៃ និងបច្ចេកវិទ្យាទាំងនោះ។
ក្រសួងអប់រំរូបនេះក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមបន្តចូលរួមគោរពអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ដើម្បីកសាងគ្រឹះអនាគតខ្លួនឯង។ សូមសិស្សានុសិស្សចង់ចាំថា គ្មានអ្នកណាម្នាក់អាចរៀនជំនួសខ្លួនពួកគេបានទេ អនាគតរបស់ពួកគេគឺស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកគេខ្លួនឯង។ ត្រូវខិតខំសិក្សារៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ស្ដាប់ដំបូន្មានរបស់មាតាបិតា អាណាព្យាបាល។ ក្រៅពីនេះក៏ត្រូវបន្តអនុវត្តវិធានការសុខាភិបាល គោរពច្បាប់ចរាចរណ៍ ជៀសវាងដាច់ខាតនូវការប្រើប្រាស់ថ្នាំញៀន កុំជក់បារី ដើម្បីថែរក្សាសុខភាពនិងអាយុជីវិត៕