(បាត់ដំបង)៖ ក្រុមការងារសភាស៉ើបសួរ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានចុះអធិការកិច្ចនៅខេត្តចំនួន៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង។
ការចុះធ្វើអធិការកិច្ចអស់រយៈពេល៤ថ្ងៃកន្លងមកនេះ ត្រូវបានដឹកនាំដោយ៖
*ទី១៖ លោក ធូ មណី ជាប្រធានសភាស៉ើបសួរ និងអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង
*ទី២៖ លោក ញូង ធុល អនុប្រធានសាលាឧទ្ធរណ៍បាត់ដំបង
*ទី៣៖ លោក នៅ មុនីជោត ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបងនិងក្រុមការងារមួយចំនួនទៀត និងដោយមានការចូលរួមសហការពីលោកប្រធាន អនុប្រធាន ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីនៃសាលាដំបូង ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តសៀមរាប ចូលរួមផងដែរ។
លោកស្រី ទៀង សំបូរ អគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង បានឲ្យដឹងថា ការចុះអធិការកិច្ចមានសារៈសំខាន់ណាស់សម្រាប់វិស័យយុត្តិធម៌ និងដោយមានការណែនាំផ្ទាល់ពីលោក កើត រិទ្ធ រដ្ឋន្រ្តីក្រសួងយុត្តិធម៌ កន្លងថ្មីៗនេះ។
ការចុះអធិការកិច្ចនេះ ក្នុងបំណងដើម្បីពង្រឹងកិច្ចការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងកិច្ចការស៉ើបសួររបស់សាលាឧទ្ធរណ៍បាត់ដំបង ជាមួយសាលាដំបូងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តសៀមរាបមានដូចជា៖
*ពិនិត្យសមិទ្ធផលការងារ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារកន្លងមករបស់ចៅក្រមសើបសួរ
*ពិនិត្យនីតិវិធីចំណាត់ការសំណុំរឿង និងនីតិវិធីការឃុំខ្លួនបន្ត នៅដំណាក់កាលស៉ើបសួរ
*ធ្វើការជំរុញចំណាត់ការចៅក្រមស៉ើបសួរឱ្យបានឆាប់រហ័សតាមការណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌
*ពិនិត្យ និងធ្វើការណែនាំចុះបណ្តឹងឧទ្ធរណ៍ដែលត្រឹមត្រូវ និងការបញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍ឱ្យបានឆាប់រហ័ស
*ដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
លោកស្រីអគ្គលេខាធិការបានបន្តថា ដោយឡែកក្រុមការងារមហាអយ្យការ ចុះធ្វើការអធិការកិច្ចនៅពន្ធនាគារ នគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តសៀមរាប ក្រោមការដឹកនាំដោយ៖
*១៖ លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
*២៖ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង
*៣៖ លោក ដុះ វិសុទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង តំណាងឲ្យលោក នួន សាន អគ្គព្រះរាជអាជ្ញាហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបងនិងក្រុមការងារបានចូលរួមជាមួយ លោកព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញារង លោកស្នងការ លោកមេបញ្ជាការ លោកប្រធានពន្ធនាគារ ក្រឡាបញ្ជី មន្រ្តីនៃសាលាដំបូងខេត្តបន្ទាយមាជ័យ ឧត្តរមានជ័យ និង ខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធផងដែរ។
ក្រុមការងារបានជំរុញមន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់ ត្រូវអនុវត្តធ្វើការមាន៖
*ស្វែងយល់ពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះកន្លងមក
*ពង្រឹងការចុះបណ្តឹងត្រឹមត្រូវ ការដាក់សារណាទាន់ពេលរាល់បណ្តឹងតំណាងអយ្យការ ជៀសវាងការលើកចោល
*ណែនាំឱ្យមានការប្រជុំដោះស្រាយបញ្ហាផ្ទៃក្នុង និងមន្រ្តីនគរបាលយុត្តិធម៌ឱ្យបានតាមច្បាប់កំណត់
*ណែនាំធ្វើការចោទប្រកាន់ឱ្យចំបទល្មើស និងការផ្តន្ទាទោសឱ្យបានត្រឹមត្រូវ
*ជំរុញការបញ្ជូនដីកាសម្រេច សាលក្រមឱ្យបានឆាប់រហ័ស ជៀសវាងបាត់សិទ្ធិប្តឹងឧទ្ធរណ៍របស់លោកអគ្គព្រះរាជអាជ្ញា
*ពិនិត្យការចុះសៀវភៅសំណុំរឿងព្រហ្មទណ្ឌសៀវភៅពិសេសនិងសៀវភៅផ្សេងៗ
*ធ្វើការណែនាំ និងចែករំលែកអំពីនីតិវិធីការឃាត់ខ្លួន នៅដំណាក់កាលមន្រ្តីនគរបាលយុត្តិធម៌
*ណែនាំអំពីនីតិវិធីដើម្បីទទួលបាននីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ និងការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ
*ណែនាំឱ្យមន្រ្តីនគរបាលយុត្តិធម៌ (អ្នកបង្រ្កាប) ត្រូវចូលរួមសវនាការតាមការអញ្ជើញរបស់តុលាការ
*ណែនាំឱ្យមានការធ្វើបច្ចុប្បភាពដីកាចាប់ខ្លួន ដីកានាំខ្លួន ដីកាបញ្ឍប់ការនាំខ្លួន
*ពិនិត្យសៀវភៅផ្សេងៗរបស់នគរបាលយុត្តិធម៌ និងកន្លែងឃាត់ខ្លួនបណ្តោះអាសន្ន
*ណែនាំពន្ធនាគារនាំជនជាប់ឃុំទៅជំនុំជម្រះ ជៀសវាងការលើកសវនាការ
*ដោះស្រាយការខ្វះសាលក្រម សាលដីកា របស់ជនជាប់ឃុំ និងការអនុវត្តដីកា
*ពិនិត្យស្ថានភាពជនជាប់ឃុំជាក់ស្តែងក្នុងពន្ធនាគារ
*ធ្វើការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពន្ធនាគារ នគរបាលយុត្តិធម៌ និងអយ្យការអមសាលាដំបូង៕