(កណ្ដាល)៖ អភិបាលថ្មីស្រុកខ្សាច់កណ្តាលលោក ចេង ឌីណា អតីតអភិបាលរងស្រុកល្វាឯម ត្រូវបានប្រកាសចូលកាន់តំណែងជំនួសលោក ប៊ុន ផេង ដែលត្រូវតែងតាំងជាអភិបាលរងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមានការចូលរួមពីសំណាក់មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្តមួយចំនួនផងដែរ។
ស្ថិតក្នុងឱកាសនេះ លោក គង់ សោភ័ណ្ឌ បានគូសរំលេចថា មន្ត្រីល្អ គឺមន្ត្រីបម្រើរាស្ត្រ ប្រកបដោយគុណធម៌ពិតប្រាកដ ដោយប្រកាន់យកគោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ក្នុងទិសដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយត្រូវមានឥរិយាបថសមរម្យ មិនឆ្មើងឆ្មៃ មិនក្អេងក្អាង មិនអឿជាដើម។
លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា អភិបាលស្រុកថ្មី ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយជាមួយគណៈអភិបាលស្រុក ដើម្បីបម្រើ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការកសាង អភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេសត្រូវពង្រឹង អភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមមាន៖ បាវចនា២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់»។
ជាមួយគ្នានេះលោក គង់ សោភ័ណ្ឌ បានស្នើដល់លោកអភិបាលស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងក្នុងរដ្ឋបាលស្រុកខ្សាច់កណ្ដាលទាំងមូល ត្រូវបន្តយកចិត្តទុកដាក់រឹត បន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាងរបស់រាជរដ្ឋាភិបាលឱ្យបានល្អប្រសើរ។
ជាពិសេសបន្ដទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់នូវការរំលោភទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញលិខិតបញ្ជាក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំយកចិត្តទុកដាក់លើការងារ ផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ ធ្វើឱ្យបានធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យ ច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការ បំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
ឆ្លើយតបនឹងប្រសាសន៍របស់លោកអភិបាលខេត្ត, លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាលថ្មី បានឡើងប្ដេជ្ញាដាក់ចិត្ត ដាក់កាយដាក់បេះដូងបំរើប្រជាជនឱ្យបានល្អ និងធ្វើជាមេដឹកប្រកបដោយទសពិតរាជធម៌ គុណធម៌ មេត្តាធម៌ ស្របតាមឱវាទព្រះពុទ្ធ គឺមេត្តា ករុណា ឧបេខា និងមុទិតា៕