(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ ចំនួន៤រូប និងនាយករដ្ឋបាល១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានចូលការរួមពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ, លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ប្រតិភូអមដំណើរព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ស្រុក ក្រុង និងឃុំ សង្កាត់ ជាច្រើនរូប។
យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់តែងតាំង មន្រ្តីរាជការចំនួន០៤រូប ជាអភិបាលរងនៃគណអភិបាលខេត្តកំពង់ធំ និងនាយករដ្ឋបាលសាលាខេត្ត១រូប រួមមាន៖
១៖ លោក អ៊ុន បុត្ត អភិបាលរងខេត្ត
២៖ លោក ងួន រាសី អភិបាលរងខេត្ត
៣៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត
៤៖ លោក លី វេត អភិបាលរងខេត្ត
៥៖ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត។
ថ្លែងនាឱប្រកាសនោះ លោក ងួន រតនៈ បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្តទាំងអស់កើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ។ លោកបន្តទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើន ប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។
លោក អ៊ុ ម៉ារ៉ា បានឱ្យដឹងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជាពិសេសខិតខំទប់ស្កាត់ និងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។
លោកក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍឱ្យខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានសំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ច សហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀតផងដែរ។
លោករដ្ឋលេខាធិការបានបន្ថែមថា «ពិធីប្រកាសនាពេលនេះ គឺជាការឆ្លុះបញ្ចាំង និងបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសចំពោះយើងខ្ញុំផ្ទាល់ ដើម្បីឱ្យពួកយើងមានឱកាសចូលរួមដឹកនាំ និងគ្រប់គ្រងឲ្យបានកាន់តែប្រសើឡើង នូវគុណភាពនៃការសម្រេចចិត្ត គុណផលការងារ និងគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យកាន់តែរីក ចំរើនបន្ថែមទៀត»។
ក្នុងនោះដែរលោកអភិបាលរងខេត្ត និងនាយករដ្ឋសាលាខេត្តបានប្តេជ្ញាចិត្ត រួមមាន៖
* ចូលរួមក្នុងការងារអភិវឌ្ឍប្រទេសជាតិ និងបម្រើប្រទេសជាតិ អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
* ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បីសម្រេចបាននូវសមិទ្ធ ផលធំៗថែមទៀត
* ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលខេត្ត និងការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើង
* បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយ មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត
* ចូលរួមយ៉ាងសកម្មជំរុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ ឲ្យកាន់តែរីកចម្រើនថែមទៀត៕