(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបំផុសគំនិតផ្តួចផ្តើមឲ្យបង្កើតផែនទីចង្អុលផ្លូវមួយ (Roadmap) ដើម្បីលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា។ លោកស្រីរដ្ឋមន្ត្រីថ្លែងបែបនេះ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសក្រសួងវប្បធ៌និង វិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី «ការតម្រង់ គោលនយោបាយលើកស្ទួយឧស្សាហកម្ម វប្បធម៌ និងច្នៃប្រតិដ្ឋ» នៅសណ្ឋាគារ ហាយ៉ាត់ រីជីនស៉ី ភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងការគាំទ្រ លោក Sardar Umar Alam តំណាងការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា ដែលបានគូសបញ្ជាក់យ៉ាងច្បាស់លាស់ អំពីគោលបំណង និងសារៈប្រយោជន៍ នៃសិក្ខាសាលា និងជាពិសេសអំពីសារសំខាន់នៃឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសុខមាលភាពសង្គម ក្នុងនិន្នាការនៃការគិតគូអំពីសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន គឺតាំងតពីមុនការរីករាលដាលនជំងឺកូវីដ-១៩មកម្លេះ ដែលបណ្ដាប្រទេសមួយចំនួនលើពិភពលោក បានយកចិត្តទុកដាក់លើកកម្ពស់សេដ្ឋកិច្ចជាតិរបស់ខ្លួនមួយផ្នែក ដោយផ្ដោតទៅលើ «សេដ្ឋកិច្ចដែលកើតចេញពីការច្នៃប្រតិដ្ឋបង្កើតថ្មី (Creative Economy)» ហើយដែលក្នុងសេដ្ឋកិច្ចផ្នែកនេះ ឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ (Cultural and Creative Industries) ជាស្នូលមួយយ៉ាងសំខាន់។

លោកស្រី ភឿង សកុណា បន្តថា ដោយមើលឃើញនូវសក្ដានុពលសេដ្ឋកិច្ចនេះ ក្នុងមហាសន្និបាតលើកទី៧៤ នៃអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៩ បានប្រកាសកំណត់យក ឆ្នាំ២០២១ ជាឆ្នាំសេដ្ឋកិច្ចច្នៃប្រតិដ្ឋអន្តរជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រការសំខាន់មួយនៃសេចក្តីប្រកាសនេះ គឺដើម្បីលើកទឹកចិត្តឲ្យបណ្តាប្រទេសទាំងអស់ ឲ្យគិតគូទៅតាមបរិការណ៍អាទិភាពរបស់ប្រទេសខ្លួន ផ្សព្វផ្សាយឲ្យបានទូលំទូលាយជំរុញនូវកិច្ចសហប្រតិបត្តិការណ៍ បង្កើតជាបណ្តាញ ចែករំលែកនូវបទពិសោធន៍ល្អៗរវាងគ្នានឹងគ្នា បង្កើនធនធានមនុស្ស និងបង្កបរិយាកាសអំណោយផលនៅគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅតាមបណ្តាប្រទេសរៀងៗខ្លួន។

លោកស្រីបន្តថា កន្លងមកកម្ពុជា ក៏បានគិតគូលើការងារនេះដែរ ដោយមានការជួយជ្រោមជ្រែងពី បណ្តាប្រទេសជាមិត្ត និងដៃគូ ជាពិសេសអង្គការយូណេស្កូ បានរៀបចំជា «គោលនយោបាជាតិស្តីពីវិស័យវប្បធម៌» មួយ ហើយដែលទទួលបានការអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអាទិភាពមួយចំនួន ហើយក៏ទទួលបានផ្លែផ្កាជាបណ្ដើរៗជាច្រើនមកហើយដែរ។

លោកស្រី ភឿង សកុណា បន្តថា ទោះជាការអនុវត្តមានដំណើរទៅមុខ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការផ្នែកវប្បធម៌របស់រាជរដ្ឋាភិបាល យល់ឃើញថា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ គួរគិតគូឡើងវិញអំពីគោលនយោបាយ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៤កន្លងមក កំណត់ឲ្យបានច្បាស់អំពីនិយមន័យ (ដូចជា អ្វីទៅជា ឧស្សាហកម្មវប្បធម៌? អ្វីទៅជា ឧស្សាហកម្មច្នៃប្រតិដ្ឋ?) កំណត់ឲ្យបានច្បាស់នូវវិសាលភាពវិស័យ និងដាក់ចេញគោលនយោបាយពមទាំងវិធានការអាទិភាពជាក់លាក់ ដោយពិចារណាឲ្យបានល្អិតល្អន់អំពីបរិការណ៍ និងនិន្នាការសេដ្ឋកិច្ចវប្បធម៌ក្នុងប្រទេស និងលើពិភពលោកនាពេលបច្ចុប្បន្នផង។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះ «តាមការដកស្រង់បទពិសោធន៍កន្លងមក ក្រសួងយល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ បណ្តាប្រទេសជាមិត្ត គឺជាកត្តាសត្យានុម័តមិនអាចខ្វះបានទេ។ ថ្វីត្បិតតជាទូទៅ ហាក់ដូចជាពាក់ព័ន្ធនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែការអនុវត្តជាក់ស្តែង គឺទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធ ដោយផ្តើមចេញពីការរៀបចំគោលនយោបាយ ការរៀបចំវិធានការណ៍ចាំបាច់នានា រហូតដល់ការអនុវត្ត។ ប្រការនេះ គឺត្រូវមានផែនទីចង្អុលផ្លូវ (Roadmap) មួយដែលមានការឯកភាពពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារ»

លោកស្រី ភឿង សកុណា បន្ថែមថា «បើចង់បង្កើនផលិតផលវប្បធម៌លើកកម្ពស់ជីវភាពសិល្បករ និងសិប្បករ គឺត្រូវមានទីផ្សារទាំងនៅក្នុងស្រុកនិងនៅប្រទេស ដែលក្រសួងពាណិជ្ជកម្មមានចំណែកធំធេងក្នុងការងារនេះ។ បើថែមយន្តការលើកទឹកចិត្តឲ្យមានការទិញផលិតផលវប្បធម៌ឲ្យបានច្រើន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចជួយគិតគូផ្ដល់នូវយន្តការលើកទឹកចិត្តដូចជាលើកលែងព័ន្ធចំពោះទសចរ ដែលទិញផលិតផលសិល្បៈជាដើម។ល»

សូមជម្រាបថា ជាការកត់សម្គាល់ នៅក្នុងបរិបទ ការរាលដាលជំងឺ កូវីដ-១៩ គេសង្កេតឃើញបណ្តាប្រទេសខ្លះ នៅតែទទួលបាន ចំណូលថវិកាជាតិខ្ពស់ តាមរយៈ វិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ៕