(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការស្តារប្រព័ន្ធលូ នៅតាមបណ្ដោយ មហាវិថីព្រះនរោត្តម ចាប់ពីផ្លូវលេខ៤៦៦ រហូតដល់គល់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងដំណើរចុះពិនិត្យការស្តារលូនិងមើលផ្លូវនេះ លោក កៀង ល័ក្ស បានឱ្យដឹងថា ចំពោះការងារទាំងនេះគឺអនុវត្តន៍តាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលជំរុញឱ្យមានយុទ្ធនាការស្តារលូ ដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។ ខណៈប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបានយល់ដឹង ហើយក៏មានសកម្មភាព យ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តស្តារលូនេះផងដែរ។
លោក កៀង ល័ក្ស បានបន្ថែមថា លូជាដង្ហើមទឹកដើម្បីរំដោះទឹកជន់លិច ដោយទឹកភ្លៀងឱ្យបានទាន់ពេលវេលា ហើយក៏ជាការចូលរួមអភិវឌ្ឍន៍ជូនប្រជាពលលរដ្ឋ នៅរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថា ជាលទ្ធផល ការស្ដារប្រព័ន្ធលូនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម បានប្រើប្រាស់រថយន្តបូមលូ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចំនួន ០២គ្រឿង និងបានកាយសំរាមចេញអណ្ដូងលូ ដើម្បីបញ្ជៀសការកកស្ទះទឹក នៅមាត់លូ ឬនៅលើទ្រូងផ្លូវជាច្រើនកន្លែងផងដែរ៕