(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ សម្រេចបានប្រមាណជាង ៨៨ភាគរយ ហើយបច្ចុប្បន្នកំពុងតែសម្រុកជីកអាងស្តុកទឹកឱ្យបានលឿន ឆ្លើយតបតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការឱ្យដឹងងបែបនេះរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ក្នុងឱកាសដែលលោក សុខ ចន្តសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងរដ្ឋមន្រ្តីកសិកម្ម ព្រមទាំងមន្ត្រីអមដំណើរជាច្រើនរូបទៀត អញ្ជើញចុះមកដាំកូនឈើ និងនាំយកម្ហូបអាហារ សាច់ជ្រូក សាច់មាន់ និងគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស។
គួររំឮកថា តបតាមបញ្ជាផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដឹកនាំបញ្ជាផ្ទាល់ដែលមានកម្លាំងអង្គរក្សប្រមាណ១២០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង បើកប្រតិបត្តិការឈូសឆាយឬសឈើ មែកឈើ ដាំដើមឈើ និងដាំបង្គោលរបងការពារសត្វ ពិសេសនោះគឺកំពុង ជីកអាងស្តុកទឹកសម្រាប់ស្រោចស្រព្វកូនឈើនៅរដូវប្រាំង នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យមួយ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍៕