(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទៅទទួលយុវនិស្សិតឆ្នើម ដែលត្រឡប់ពីចូលរួម វេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខី នៃមហាអនុតំបន់ទន្លេមេគង្គទាំង៦មាន៖ កម្ពុជា ចិន ថៃ វៀតណាម ឡាវ ភូមា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
វរសេនីយ៍ឯក យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា និងជាអ្នកសម្របសម្រួល បានឲ្យដឹងថា យុវជនទាំងអស់បានសម្តែងទឹកចិត្ត ដោយមិនអាចបដិសេធបានទេថា កម្មវិធីនេះពិតជាបាន ផ្តល់ចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដូចជា ការបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន តាមរយ:ការទស្សនកិច្ចសិក្សាស្វែងយល់ ចែករំលែកបទពិសោធន៍នៅចំការអាភៀនប្រវត្តិនៃគ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ប្រទេសទាំងអស់ ពង្រីកបានចំណេះដឹង និងទំនាក់ទំនងក្នុងនាមជាប្រទេសសហគមន៍តែមួយ វាសនាតែមួយ។
វរសេនីយ៍ឯក យិន យឿត បានឲ្យដឹងបន្ថែមថា យុវនិស្សិតក៏បានសិក្សាស្វែងយល់ផ្ទាល់ពីដំណាំអាភៀន តំបន់ត្រីកោណមាស សារមន្ទីររបស់ប្រទេសថៃ ឡាវ និងមីយ៉ាន់ម៉ា ប្រាសាទបុរាណជាច្រើនពីសាកលវិទ្យាល័យធំៗ។ សិក្សាស្រាវជ្រាវបន្ថែមអំពីគម្រោង Roi jai Rak Farm ដែលបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលបានកែលម្អផ្ទៃដីនៅតំបន់ឈៀងម៉ៃ ដែលពីមុនគ្មានការយល់ដឹង មកជាតំបន់ដីកសិកម្ម ដាំដុះដំណាំបន្លែផ្លែឈើ ចិញ្ចឹមសត្វដែលអាចរកកម្រៃ និងប្រាក់ចំណេញខ្ពស់ជាពិសេសចំពោះបុគ្គលណាដែលធ្លាប់ប្រព្រឹត្តខុសប្រើប្រាស់គ្រឿងញៀន ជួញដូរគ្រឿងញៀន កែខ្លួនផ្លាស់ប្ដូរជោគវាសនានិងជីវភាពរស់នៅរបស់ខ្លួន។
វរសេនីយ៍ឯក យិន យឿត បន្ថែមទៀតថា អ្នកចូលរួមទាំងអស់បានថ្លែងអំណរគុណនិងកោតសរសើរដល់ប្រទេសថៃ និងឡាវដែរបានទទួលស្វាគមន៍យើងយ៉ាងកក់ក្តៅបំផុត ទាំងកន្លែងស្នាក់នៅ និងអាហារហូបចុក ប្រកបដោយសុខភាព និងផាសុខភាព និងយកចំណេះដឹងដែលបានពីវគ្គនេះទៅផ្សព្វផ្សាយបន្តដល់សិស្ស និស្សិត ដែលបាននិងកំពុងសិក្សារៀនសូត្រ នៅតាមសាកលវិទ្យាល័យ តាមប្រទេសរៀងៗខ្លួនព្រមទាំងនឹងពង្រឹងទំនាក់ទំនង ជាបណ្តាញយុវជនសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងក្របខណ្ឌនៃការងារអប់រំ ទាំងរដ្ឋ និងឯកជនផងដែរ។
លោក សោម ស័ក្តិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ត្រីកោណមាស ជាកន្លែងផលិតគ្រឿងញៀនដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ហើយបណ្តាញយុវជន គឺជាបណ្តាញ ដ៏សំខាន់មួយ ដែលជួយជំរុញដ៏មានសក្ដានុពលសម្រាប់ ការទប់ស្កាត់គ្រឿងញៀនប្រកបដោយប្រសិទ្ធភាព ពេលដែលពួកគេអភិវឌ្ឍជំនាញបានត្រឹមត្រូវ តាមអាយុរបស់ពួកគេ និងបានថ្លែងអំណរគុណ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដែលបានគាំទ្រចាត់តំណាងវ័យក្មេងចូលរួមក្នុងកម្មវិធីនេះ។
ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងអំណរគុណដល់មិត្តថៃ និងប្រទេសជាមិត្តដែលបានគាំទ្រ ដល់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
សូមបញ្ជាក់ថា កម្ពុជាបានចាត់យុវជនឆ្នើម៦រូប ចូលរួមវេទិកាបណ្តាញយុវជនបង្ការគ្រឿងញៀន នៃបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានរយៈពេល១០ថ្ងៃ ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និងប្រទេសឡាវ៕