(ស្វាយរៀង)៖ លោក សួង ណយ អគ្គលេខាធិការរង គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា អ្នកផលិតក្នុងស្រុកត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដាត្រឹមត្រូវតាមការកំណត់របស់ភូមិ១ ផលិតផល១ ពិសេសត្រូវធានាថាផលិតផលរបស់ខ្លួនទាំងអស់ ជាផលិតផលក្នុងស្រុក មិនមែនជាផលិតផលនាំចូលពីខាងក្រៅ។
ការលើកឡើងបែបនេះរបស់លោក សួង ណយ បានធ្វើឡើងក្នុងវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ នៃគម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តស្វាយរៀង និង M/MSEs នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ វេទិកានេះក៏មានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីដែលពាក់ព័ន្ធ និងម្ចាស់អាជីវកម្មក្នុងខេត្តជាច្រើនរូបផងដែរ។
លោក សួង ណយ បានថ្លែងថា ខេត្តស្វាយរៀង មានផលិតផលសកត្តានុពលជាច្រើនមុខ ដែលត្រូវចុះបញ្ជីជូនពលរដ្ឋម្ចាស់ផលិតផល ម្ចាស់សិប្បកម្ម និងសហគ្រាស។ កន្លងមកការចុះបញ្ជីជុំទី១ ខេត្តស្វាយរៀង មានផលិតផលចំនួន៩មុខ ត្រូវបានចុះបញ្ចីរួច។ហើយការចុះបញ្ជីនេះ ជាការជំរុញឱ្យអ្នកផលិតទាំងអស់មានទីផ្សារក្នុងការលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះ លោកបានជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានស្នើដល់សមាជិក ក្រុមការងារភូមិមួយ ផលិតផលមួយ ពិសេសប្រជាពលរដ្ឋអ្នកផលិត ទាំងអ្នកបានចុះបញ្ជីរួច និងអ្នកកំពុងដាក់ពាក្យស្នើសុំចុះបញ្ជី ត្រូវបន្តចូលរួមសហការគ្នាឱ្យបានល្អ និងត្រូវមានភាពស្មោះត្រង់ ព្រមទាំងហ៊ានទទួលខុសត្រូវចំពោះផលិតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជំរុញគុណភាព និងទីផ្សារផលិតខ្មែរឱ្យកាន់តែប្រសើរ។
ប្រជាពលរដ្ឋក៏ដូចជាម្ចាស់អាជីវកម្ម សិប្បកម្ម ដែលបានចូលរួមក្នុងវេទិការនេះ បានបង្ហាញអំពីការយល់ឃើញរបស់ខ្លួនថា ការចុះបញ្ជីផលិតផលរបស់ខ្លួនក្នុងចលនាភូមិមួយ ផលិតផលមួយ ពិតជាមានសារៈសំខាន់ និងផ្តល់ផលប្រយោជច្រើនដល់ក្រុមអ្នកផលិតដែលជាសមាជិក។ ដែលការចុះបញ្ជីនេះបានធ្វើឱ្យផលិតផលរបស់ខ្លួនមានអ្នកស្គាល់ច្រើន មានទីផ្សារលក់ចេញ ព្រមទាំងមានការទទួលស្គាល់ពីគុណភាពផងដែរ។
ចំណែកឯម្ចាស់អាហាដ្ឋាន ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្សាន្តនានា ដែលបានចូលរួមក្នុងវេទិកានេះដែរ ក៏បានបង្ហាញពីការយល់ឃើញថា វេទិការនេះពិតជាផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដោយវេទិកានេះបាននាំពួកគាត់ដែលជាអ្នកផ្តល់សេវាកម្មផ្នែកម្ហូបអាហារ បានជួបផ្ទាល់ជាមួយអ្នកផលិត និងផ្គត់ផ្គង់នូវផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា ផលិតផលទាំង ៩ មុខដែលបានចុះបញ្ជីរួចរួមមាន៖
ទី១៖ ទឹកឃ្មុំព្រៃធម្មជាតិត្រពាំងពិការ ស្ថិតនៅ ក្នុងភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក។
ទី២៖ ស្រូវស្មាច់ កំពង់រោទិ៍ ស្ថិតនៅក្នុងភូមិឫស្សីអម ឃុំខ្សែត ស្រុកកំពង់រោទិ៍
ទី៣៖ បន្លែសុវត្ថិភាព ភូមិក្បាលដំរី ឃុំស្វាយយារ ស្រុកស្វាយជ្រំ
ទី៤៖ អំបុកស្រួយឆ្ញាញ់ ភូមិគោកកណ្តាល ឃុំក្រោលគោ ស្រុកស្វាយជ្រំ
ទី៥៖ អំបុក (ស្រីនិច) ភូមិបន្លាស្អិត ឃុំក្រោគោ ស្រុកស្វាយជ្រំ
ទី៦៖ ស្ករត្នោតម៉្សៅ ភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ
ទី៧៖ គ្រាប់ធនជាតិ-អាហារសម្រន់ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ទី៨៖ កាបូបយួរនិងមួកធ្វើអំពីអញ្ចូត ភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ
និងទី៩៖ ក្រម៉ាភូមិដំណាក់កន្ទូត ស្ថិតក្នុងភូមិដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ៕